ព័ត៌មានទាន់ហេតុការណ៍៖

​បង្រ្កាបគ្រឿងញៀន រកឃើញកាំភ្លើងកែច្នៃ២ដើម ដាវ៧ និងកាំបិតផ្គាក់១០ដើម

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បានបើកប្រតិបត្តិ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀនមួយករណី ហើយអ្វីគួរឲ្យភ្ញាក់ផ្អើលនោះក្រៅពីឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៤កញ្ចប់ សមត្ថកិច្ចនៅបានដកហូតកាំភ្លើងកែច្នៃចំនួន ២ដើម ដាវ៧ ដើម និងកាំបិតផ្គាក់១០ដើម ដែលជនសង្ស័យលាក់ទុកដោយខុសច្បាប់ផងដែរ។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនមួយករណីនេះធ្វើឡើង កាលពីវេលាម៉ោង៣និង១០នាទី រសៀល ថ្ងៃសុក្រ ៤កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២០នៅ​ចំណុច​ភូមិ​ក្រាំង​ទំនប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ។​ ​

មន្ត្រីនគរបាល​ស្រុក​ឧដុង្គ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថា នៅចំណុចខាងលើ មានការជួញដូរថ្នាំញៀននោះ លោកអធិការនគរបាលស្រុកឧត្តុង្គបានបញ្ជាដល់កម្លាំងជំនាញ ចុះទៅបង្រ្កាបភ្លាមហើយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទ្រី ឡិន ភេទ ប្រុស អាយុ ៣០​ឆ្នាំ នៅ​ភូមិ​ក្រាំង​ទំ​បន់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ដោយ​បាន​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀនចំនួន ៤​កញ្ចប់ (៣​តូច និង ១​មធ្យម​), ទូរស័ព្ទដៃ ១គ្រឿង កាំភ្លើង​កែច្នៃ ២ដើម , ដាវ ៧ដើម , កាំបិតផ្គាក់ ១០ដើម រួម​នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ។​

​ក្រោយមកជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាល​ការិយាល័យ​ជំនាញស្រុកឧត្តុង្គ កសាង​សំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការ​តាម​នីតិវិធី ៕ សហការី


ចែករំលែក៖