ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញចុះបិទយានដ្ឋានកែច្នៃរថយន្តធំខុសបច្ចេកទេស មិនគោរពកិច្ចសន្យា និងបង្កហានីភ័យដល់អ្នកជិតខាង

ចែករំលែក៖

 

បន្ទាយមានជ័យ ៖ យានដ្ឋានរបស់លោក ឆាយ ឈាន ដែលបម្រើសេវាកែច្នៃជួសជុលរថយន្តធំខុសបច្ចេកទេស មិនគោរពកិច្ចសន្យា និងបង្កហានីភ័យដល់ពលរដ្ឋជិតខាង ធ្វើឲ្យខូចបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានមន្ត្រីជំនាញកំណត់ឲ្យមានជម្រើស២ដើម្បីសម្រេច គឺបើមិនបិទ ក៏ត្រូវប្តូរទីតាំងចេញពីកន្លែងធ្វើសព្វថ្ងៃនេះដែរ។

យានដ្ឋាននេះត្រូវសមត្ថកិច្ចជំនាញចុះបិទឈប់ឲ្យធ្វើអាជីវកម្មកាលពីព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មនញរ្តីជំនាញបានឲ្យដឹងថា ដើម្បីឲ្យបានភាពច្បាស់លាស់ ល្អិតល្អន់ មិនលម្អៀង និងការវាយតម្លៃរលើការអនុវត្តកិច្ចសន្យា ក៏ដូចផលប៉ះពាល់ពីយានដ្ឋានទៅលើពលរដ្ឋនៅជិតខាងជុំវិញ ក៏ដូចជាសាធារណជនឆ្លងកាត់ផងនោះ ជាលទ្ធផលការពិនិត្យវាយតម្លៃជាបន្តបន្ទាប់បានឃើញថា ម្ចាស់យានដ្ឋាននេះមិនគោរពកិច្ចសន្យាឡើយដូចជាច្បាប់សុំអនុញ្ញាតជួសជុលរថយន្តធំ តែបានបន្ថែមទៅកែច្នៃហើយមិនរាយការណ៍ដល់ជំនាញឡើយ ។ កិច្ចសន្យាដទៃទៀតក៏គោរពមិនបានដែរ ថែមទាំងបានរំលោភ និងប្រើប្រាស់ដីចំណីផ្លូវសម្រាប់ថ្មើរជើងមិនគោរពតាមច្បាប់រដ្ឋកំណត់ ដែលមានដំឡើងតទ្រុង ថែម​ភ្លៅ ទំហំខុសបទដ្ឋានបច្ចេកទេសមិនការពារបរិស្ថាន ពិសេសការបង្ហូរប្រេងរំអិលចេញក្រៅបន្តរំខានដល់ការរស់នៅរបស់អ្នកជិតខាងគ្មានបម្រុងទុកឧបករណ៍សុវត្ថិភាពឧបករណ៍ពន្លត់អគ្គីភ័យជាដើម ហើយកំហុសនេះមិនមែនលើកទី១ទេ គឺមានច្រើនលើកមកហើយ។

ចំពោះការចោទប្រកាន់នោះ លោក ឆាយ ឈាន ម្ចាស់យានដ្ឋានបាននិយាយថា លោក និងក្រុមជាងបញ្ចេញស្នៀតដដែលៗសំណូមពរអង្វរ ករ មន្ត្រីជំនាញ និងអាជ្ញាធរកុំបិទយានដ្ឋានរបស់លោកព្រោះជីវភាព និងការលំបាករបស់ពួកខ្លួននឹងធ្លាក់មកលើគាត់ជាច្រើនទៀត បើបិទយានដ្ឋាននេះ។ ឯមន្ត្រីជំនាញបានប្រាប់ថា ចំពោះករណីនេះ បើមិនបិទ ក៏ត្រូវផ្អាកសកម្មភាព ហើយមិនអាចឲ្យបុគ្គលនេះធ្វើផ្គើនម្តងហើយម្តងទៀតនោះឡើយ។

ចំណែកជនរងគ្រោះ អ្នកស្រីប្រាក់ ស៊ីណៃ ម្ចាស់បណ្ណាគារបន្ទាយស្រីបានឲ្យដឹងថា យានដ្ឋានរបស់លោក ឆាយ ឈាន មានការគ្រោះថ្នាក់ ផលវិបាកខូចខាត និងបញ្ហាប្រឈមរបស់អ្នកស្រី ក្រុមគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិ និងរបស់ពលរដ្ឋជិតខាងកើតមានយូរឆ្នាំច្រើនណាស់ពេកហើយ។ អ្នកស្រី និងពលរដ្ឋជិតខាងបានយោគយល់ អត់ធ្មត់រហូតរងគ្រោះទាំងខ្លួនឯង ក៏នៅតែម្ចាស់ និងក្រុមជាងនៃយានដ្ឋាននោះ មិនដែលយកភ្នែកមើល ហើយយល់ពីទុក្ខលំបាក ការគ្រោះថ្នាក់របស់ពួកអ្នកស្រីឡើយ ។ ទោះយ៉ាងណា អ្នកស្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដល់មន្ត្រីជំនាញ មន្ត្រីអាជ្ញាធរនិងអ្នកពាក់ព័ន្ធដែលបញ្ជូនមន្ត្រីមកពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការលើករណីនេះ អ្នកស្រីស្នើសុំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរចាត់ការបិទ ឬប្តូរទីតាំងយានដ្ឋាននេះនៅពេលនេះតែម្តង មិនអាចពន្យាពេលឡើយ។

ក្នុងករណីនេះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានពិភាក្សាគ្នា នៅថ្ងៃទី៣០ ខែមីនា នឹងឲ្យមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យ វាយតម្លៃម្តងទៀត លើការអនុវត្តកិច្ចសន្យា និងស្រាវជ្រាវករណីឧប្បត្តិហេតុនៅយានដ្ឋានរបស់ឈ្មោះ ឆាយ ឈាន បន្ទាប់ពីគេដឹងថាកាលពីល្ងាចថ្ងៃទី ២១ខែមីនា ឆ្នាំ២០២០ មានគ្រោះថ្នាក់មួយលើកទៀតដែលបង្កពីរថយន្ដធំ១គ្រឿង ដែលទើបជួសជុល និងកែច្នៃរូចយានដ្ឋានរបស់ឈ្មោះ ឆាយ ឈាននេះ បានថយទៅបុកចំទ្វារចូលនៃបណ្ណាគារបន្ទាយស្រីនៅក្បែរនោះ បង្កខូចខាតផ្នែកខាងមុខទ្វារ កញ្ចក់ និងសម្ភារៈជាច្រើន ថែមទាំងបានធ្វើឲ្យម្ចាស់បណ្ណាគារ និងបុគ្គលិកភ័យតក់ស្លុតយ៉ាងខ្លាំងទៀតផង ៕ សហការី


ចែករំលែក៖