ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាហាម មិនឱ្យទាហានចេញពីបន្ទាយ ត្រូវត្រៀមកម្លាំងចេញអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ កងទ័ពគ្រប់កងឯកភាព និងបន្ទាយទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅកងឯកភាព ឬបន្ទាយជាដាច់ខាត គឺត្រូវត្រៀមកម្លាំងជាស្រេច ដើម្បីចេញអន្តរាគមន៍ទប់ស្កាត់ ការរីករាលដាលមេរោគកូវីដ១៩។ នេះបើយោងតាមបទបញ្ជា
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ។
អគ្គមេបញ្ជាការដាក់ចេញនូវបទបញ្ជាចំនួន៣ចំណុចរួមមាន៖
១៖ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ កងឯកភាព ស្ថាប័ននិងសាលា ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលមានទ័ពប្រមូលផ្តុំ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖
* មិនអនុញ្ញាតឲ្យយោធិនចេញក្រៅកងឯកភាព ឬបន្ទាយជាដាច់ខាត។
* មិនត្រូវប្រមូលផ្តុំជប់លៀង ឬពិធីផ្សេងៗនាំឲ្យប៉ះពាល់ដល់វិធានការការពារមេរោគកូវីដ១៩។
* ត្រូវត្រៀមកម្លាំងជាស្រេច ដើម្បីអន្តរាគមន៍ទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ តាមបទបញ្ជាអគ្គបញ្ជាការ។
២៖ ត្រូវយកចិត្តទុកដ្ឋានអនុវត្តឲ្យមានប្រសិទ្ធភាព តាមសារាចរណែនាំ ស្តីពីការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ របស់អគ្គបញ្ជាការ។
៣៖ នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវចាត់តាំងអនុវត្តបទបញ្ជានេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខារហូតមានបទបញ្ជាថ្មី៕
សូមអានទាំងស្រុងនូវបទបញ្ជាស្តីពីការ គ្រប់គ្រងកម្លាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទាំងស្រុងដូចតទៅ៖

ដោយ៖ សុខ ខេមរា


ចែករំលែក៖