ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះរកឃើញទីតាំងស្តុកមេតាណុលផលិតអាល់កុលរាប់ម៉ឺនលីត្រនៅក្នុងទីតាំងចំនួន២

ចែករំលែក៖

រាជធានីភ្នំពេញ៖ ទីតាំងស្តុកមេតាណុល ដើម្បីផលិតអាល់កុលចំនួន២ទីតាំង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ១ក្រុមធ្វើស្រាវជ្រាវរកឃើញ និងឈានដល់ការចុះទៅបង្រ្កាបនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ។ ដោយបានធ្វើការដកហូតយកបានទឹកមេតាណុលចំនួនរាប់ម៉ឺនលីត្រ ហើយគេបានដឹងថា អ្នកនាំចូលសារធាតុនេះដោយខុសច្បាប់នោះគឺជាជនជាតិចិន និងបានគេចខ្លួនមុនពេលដែលកម្លាំងសមត្ថកិច្ចចម្រុះខាងលើចុះទៅដល់។ ទីតាំងទី១ស្ថិតនៅផ្ទះលេខ០២ ផ្លូវលេខ០១Aបុរីពិភពថ្មី៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល​ រាជធានីភ្នំពេញ និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ១៨៨ផ្លូវលេខ១៣A ក្នុងបុរីពិភពថ្មី៣ ភូមិត្រពាំងសុក្រុម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
តាមប្រភពពីសនត្ថកិច្ចបានឲ្យដឹងថា នៅទីតាំងទី១ ខាងរាជធានីភ្នំពេញមានការដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល លោក ផាន់ លីវ៉ា ក្រឡាបញ្ជី លោក ង៉ែត ចេក​ អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ​ (កាំកុងត្រូល)​ នៃក្រសួងពាណិជ្ជកម្ម ។ ខណៈនោះកម្លាំងដកហូតបានមេតាណុលមិនទាន់ប្រើប្រាស់ចំនួន១០២ធុង និងមេតាណុលប្រើប្រាស់រួចរាល់ចំនួន៨១ធុង ដែលក្នុង១ធុងៗមានចំណុះ២០០លីត្រ និងអាល់កុលចំនួនប្រហែល១០០កាន ដែលក្នុង១កានៗចំណុះ៦០លីត្រ។
ប្រភពដដែលបានបន្តថា ចំណែកខាងទីតាំងទី២ នៅស្រុកអងហគស្នួល ខេត្តកណ្ដាល មានការដឹកនាំដោយលោកវរសេនីយ៍ឯក លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល ក្រោមការសម្របសម្រួលដោយលោកឯក ស៊ុន រស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោក ង៉ែត ចេក​ អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ​ (កាំកុងត្រូល)​ នៃក្រសួងពាណិជ្ជកម្ម និងចូលរួមដោយ លោក ស ម៉េង អភិបាលរងស្រុកអង្គស្នួល លោកវរសេនីយ៍ឯក មាន  សំណាង អធិការនគរបាលស្រុកអង្គស្នួល លោកវរសេនីយ៍ត្រីស៊ូ វ៉ានធឿនបញ្ជាការអាវុធហត្ថស្រុកអង្គស្នួល លោក ស្រុង លីម ប្រធានការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិ ពេទ្យ ស្រុកអង្គស្នួល។ខណៈនោះកម្លាំងរកឃើញមេតាណុលចំនួន៦៩ធុងដែលក្នុង១ធុងៗចំណុះ២០០លីត្រ និងប៊ីដុងចំណុះ៣០លីត្រចំនួន២០០ប៊ីដុង។
សមត្ថកិច្ចខាងលើនេះបានបញ្ជាក់បន្ថែមទៀតថា ភ្លាមៗនោះមន្រ្តីជំនាញបានធ្វេីការពិសោធន៍ជាលទ្ធផលរកឃើញថា សារធាតុទឹកមេតាណុល​ និងអាល់កុលផលិតរួចនេះ អាចធ្វើឲ្យមានការប៉ះពាល់ទៅដល់សុខភាពអ្នកប្រេីប្រាស់យ៉ាងខ្លាំង។ខណៈនោះលោក​ សេង​ ហៀង​  ព្រះរាជអាជ្ញារង​សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចរឹបអូស​យកសម្ភារៈ​ និងសារធាតុមេតាណុលខាងលេី​ទាំងអស់ ប្រគល់ជូននាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ​ (កាំកុងត្រូល)​ នៃក្រសួងពាណិជ្ជកម្ម​ ដេីម្បីរក្សាទុក​ និងគ្រប់គ្រងបន្តនិងបិទទីតាំងទាំង២នេះព្រមទាំងបន្តធ្វើការស្រាវជ្រាវស្វែងរកឃាត់ខ្លួនថៅកែជនជាតិចិនដែលកំពុងរត់គេចខ្លួននោះហើយ៕ ដោយ៖សុខាសែនជ័យ​

ចែករំលែក៖