ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យប្រើប្រាស់ថ្នាំញៀនជ្រុល ដុតមុងភួយលើផ្ទះ ប្រជាពលរដ្ឋ និងសមត្ថកិច្ចពន្លត់ភ្លើងទាន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិត បានកេះដែកកេះដុតមុងភួយលើផ្ទះរបស់ខ្លួនបណ្ដាលឲ្យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងកម្លាំងនគរបាលចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទីល្ងាច នៅត្រង់ចំណុចភូមិទេពមន្ត្រី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្រ្តីនគរបាល ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យ ចំនួន១នាក់ ឈ្មោះ ឈិន សុខនី ភេទប្រុស អាយុ៤ ០ឆ្នាំ រស់នៅភូមិទេពមន្ត្រី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ក្រុមគ្រួសាររបស់ជនសង្ស័យបានឲ្យដឹងថា កន្លងមកជនសង្ស័យរូបនេះតែងតែ ប្រើប្រាស់សារធាតុញៀន រហូតដល់មានបញ្ហាសតិមិនប្រកតីហើយ រស់នៅតែម្នាក់ឯង ដោយឪពុកម្តាយមិនរស់នៅជាមួយទេ គឺនៅឯខេត្តកំពង់ធំឯណោះ។ ស្រាប់តែនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងកើតហេតុ ជនសង្ស័យទំនងប្រើប្រាស់ថ្នាំញៀនជ្រុលបានយកដែកកេះដុតមុងភួយលើផ្ទះខ្លួនឯង បណ្តាលឆាបឆេះរនាបផ្ទះ តែត្រូវប្រជាពលរដ្ឋជិតខាង និងកម្លាំងនគរបាលប៉ុស្តិ៍ព្រះប្រសប់ ចុះធ្វើអន្តរាគមន៍ពន្លត់ទាន់ទើបពុំបណ្តាលឲ្យឆេះផ្ទះ។ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រះប្រសប់បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ខ្សាច់កណ្តាលដើម្បីចាត់ការតាមច្បាប់ ៕ សហការី

 


ចែករំលែក៖