ខេត្តបាត់ដំបង៖ អំពើដ៏ឃោឃៅ យង់ឃ្នងបង្កឡើងដោយមន្ត្រីយោធា បានបាញ់មនុស្ស ដូចបាញ់ចាប សំណាងល្អជនរងគ្រោះ មិនគ្រោះថ្នាក់ដល់ជីវិត ត្រឹមបណ្តាលអោយបាក់ជើងរបួសធ្ងន់ ។ ជនដៃដល់មានអត្តសញ្ញណច្បាស់លាស់ ជាយោធា ជាម្ចាស់ហាងស្នូកឃ័រ និងបើកល្បែងស៊ីសងក្នុងក្រុងបាត់ដំបង ល្បីឈ្មោះ ហើយបាញ់ប្អូនថ្លៃខ្លួនឯងថែមទៀត តែទីបំផុតជនបង្ក ដើរហើរដោយសេរី។
បើតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជាក់ថា៖ រហូតមកដល់ពេលនេះមន្ត្រីយោធាជាម្ចាស់ ហាងស្នូកឃ័រ និងល្បែងស៊ីសងក្នុងក្រុងបាត់ដំបង ដែលបាញ់ប្អូនថ្លៃបាក់ជើងកាលពីយប់ថ្ងៃទី២៧ ខែមីនា នោះពុំទាន់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅឡើយទេ។
ដោយសមត្ថកិច្ច បញ្ជាក់ថា៖ ជនសង្ស័យមានឈ្មោះ ស៊ាន វិសាល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមន្ត្រីយោធា រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកជនរងគ្រោះ ជាប្អូនថ្លៃឈ្មោះ គារ គឹម សេង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ហេតុការណ៍ បាញ់ប្អូនថ្លៃបាក់ជើងឆ្វេងនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ នៅទីតាំងបនល្បែងស្នូកឃ័រ មួយកន្លែង ក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចឲ្យដឹងទៀតថា៖ នៅថ្ងៃកើតហេតុ ជនសង្ស័យ បានផឹកស្រវឹង និងឈ្លោះប្រកែកជាមួយជនរងគ្រោះ ទើបជនសង្ស័យដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់សំដៅជនរងគ្រោះ ចំនួន ២គ្រាប់បណ្ដាលឲ្យរបួសឈើងឆ្វេង រួចរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារ បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុវណ្ណស្ថិតក្នុងក្រុងបាត់ដំបង។
ខាងជនរងគ្រោះសូមអោយសមត្ថកិច្ច មេត្តាដំណើរការនីតិវិធីរបស់ខ្លួនផង ដើម្បីមានវិធានការឃាត់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ បំបាត់អោយបាន នូវ និទណ្ឌភាព ខណៈប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់៕ដោយ៖ សិលា