ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជាឃាតក បាញ់សម្លាប់ភរិយា និងកូនរបួសធ្ងន់ កើតចេញពីរឿងនៅតាមប្រចណ្ឌ ខណៈលែងលៈគ្នាហើយ

ចែករំលែក៖

ភ្នំពេញ​ ៖ មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលភ្នំពេញថ្មីម្នាក់ ដែលត្រៀមចូលកាន់តំណែងជានាយរងប៉ុស្តិនគរបាលទឹកថ្លា បានក្លាយជាឃាតក ហ៊ានលើកដៃបាញ់សម្លាប់អតីតភរិយា និងកូនស្រីរបួសធ្ងន់ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នៅចំណុចមុខមន្ទីរពេទ្យសែនសុខ (IU) ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលបានបង្ហើបថា៖ ជនសង្ស័យបន្តនៅតាមប្រចណ្ឌអតីតភរិយា ទោះពួកគេបានលែងលៈតាមផ្លូវតុលាការថ្មីៗនោះក៏ដោយ។
សូមបញ្ជាក់ថា៖ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានព្យាយាមគេចខ្លួនទៅដល់មូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយសមត្ថកិច្ចតាមប្រម៉ាញ់ ឈានដល់ក្តាប់មុខសញ្ញាទីតាំងលាក់ខ្លួនរបស់ជនបង្ក ឡោមព័ទ្ធដោយសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ នគរបាលព្រហ្មទណ្ឌក្រុង នគរបាលព្រហ្មទណ្ឌក្រសួង ពន្លាតដែនដីសមត្ថកិច្ចសហការ ជាមួយនគរបាល ខេត្តកណ្តាល ទើបដល់ម៉ោង១១ និង៤០នាទីយប់ថ្ងៃខែដដែល សមត្ថកិច្ចឃាត់ខ្លួនបាន នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើកំណត់ហេតុស្តាប់ចម្លើយ។
ក្នុងរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា៖ ពិតជាបានធ្វើការឃាត់ខ្លួនជនសង្ស័យ ក្នុង «ករណីឃាតកម្ម» ដោយជនបង្កបាន (ប្រើអាវុធខ្លីបាញ់ជនរងគ្រោះបណ្តាឲ្យស្លាប់០១នាក់ និងរបួស ០១នាក់) នៅចំណុចមុខមន្ទីរពេទ្យសែនសុខ (IU) ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបន្តថា៖ ជនសង្ស័យមាន ឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់លើជនរងគ្រោះចំនួន០២នាក់ ដែលជាអតីតភរិយាន និងជាកូនស្រីពៅ។
ជនរងគ្រោះទី១-ឈ្មោះ សូរ ពៅមរកត ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន(ស្លាប់) ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត , ២-ឈ្មោះ ជា អារីយ៉ា ភេទស្រី អាយុ០៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(របួសធ្ងន់) កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យកុមារជាតិ ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ សម្ភារៈដកហូត អាវុធខ្លី០១ដើម ម៉ាករ៉ូឡូ ពណ៌ខ្មៅ លេខ១០៥៥៣ គ្រាប់ចំនួន ០២គ្រាប់ , សំបកគ្រាប់ ០២គ្រាប់ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន នគរបាលនៃ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅព្រហ្មទណ្ឌក្រុងដើម្បីអនុវត្តតាមនីតិវិធីបន្ត ក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ដោយ៖ សិលា


ចែករំលែក៖