ព័ត៌មានទាន់ហេតុការណ៍៖

Update ៖សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព។ ការធ្វើសន្និសីទព័ត៌មាននេះ គឺជាការបញ្ជូនសារយ៉ាងសំខាន់មួយទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលចង់យល់ចង់ដឹងពីវិធានការ និងដំណោះស្រាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសសាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តីផ្ទាល់តែម្តង ចំពោះការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាការឆ្លើយតបនឹងវិបត្តិដែលកើតមានឡើងពីជំងឺមួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលនេះយើងកំពុងទប់ទល់ជាមួយនៃជំងឺកូវីដ-១៩ ដែលជាសង្គ្រាមឥតស្រមោល ហើយសង្គ្រាមនេះគឺយើងមិនអាចយកឈ្នះបានទេ គឺបានត្រឹមតែទប់ទល់តែប៉ុណ្ណោះ ហើយសម្តេចតេជោចាត់ទុកថាការទប់ទល់ជាមួយសង្គ្រាមនេះ គឺត្រូវប្រើយុទ្ធសាស្ត្រទប់ទល់រយៈពេលវែង ពីព្រោះរហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក នៅមិនទាន់មានថ្នាំបង្ការ និងទប់ស្កាត់នៅឡើយទេ ដូច្នេះយើងត្រូវដាក់ផែនការទប់ទល់រយៈពេលវែង។

ដើម្បីទប់ទល់នឹងស្ថានការនៃជំងឺនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រទប់ទល់ជាច្រើនជាបន្តបន្ទាប់។ សម្តេចតេជោក៏បានកោតសរសើរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះ។ សម្តេចតេជោក៏បានថ្លែងនូវការអរគុណដល់ក្រុមគ្រូពេទ្យនៅជួរមុខទាំងអស់ដែលបានខិតខំក្នុងការព្យាបាលអ្នកជំងឺអោយបានជាសះស្បើយជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សម្តេចតេជោបានបញ្ជាក់ថាមិនបណ្តោយអោយគ្រូពេទ្យរបស់យើងបាត់បង់ជីវិតឡើយ។ សម្តេចតេជោក៏បានអរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមសហការ និងអរគុណប្រជាពលរដ្ឋទាំងអស់ដែលចូលរួមទប់ស្កាត់ និងអរគុណដល់បងប្អូនពលករជាង៦ម៉ឺននាក់ដែលមកពីប្រទេសថៃ ដែលបានការពារខ្លួន បានដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ដែលរហូតមកដល់ពេលនេះ យើងមិនទាន់មានបងប្អូនពលករយើងណាម្នាក់ឆ្លងជំងឺកូវីដ-១៩នៅឡើយទេ។

ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរព្រះគុណចំពោះ ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងបណ្តាសប្បុរសជនទាំងឡាយដែលបានបរិច្ចាគថវិកាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលពេលនេះយើងទទួលបានទឹកប្រាក់រហូតទៅដល់ជាង១១ម៉ឺនដុល្លារហើយ។ សម្តេចតេជោ ក៏បានអរគុណដល់បងប្អូនមន្ត្រីរាជការដែលបានបរិច្ចាគប្រាក់ខែមួយចំនួនចូលរួមក្នុងការទប់ទល់នឹងជំងឺកូវីដ-១៩ ដែលពេលនេះមានអ្នកបរិច្ចាគកាត់ប្រាក់ខែនោះ ចំនួន១,៥៨៦នាក់ហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកថាចលនានេះ មិនមែនជាការទាមទានោះទេ គឺជាការបង្ហាញនូវទឹកចិត្តនៃការចូលរួមរបស់បងប្អូនខ្មែរ ដែលចេះជួយគ្នាក្នុងគ្រាលំបាក។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះប្រទេស និងដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលក្នុងនោះដូចជាមាន ចិន, ជប៉ុន ,អាល្លឺម៉ង់ និងស្ថាប័នអន្តរជាតិមួយចំនួនទៀត ដែលបានចូលរួមជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នៅថ្ងៃនេះ សម្តេចតេជោសុំអំពាវនាវសូមអោយបងប្អូនពលរដ្ឋខ្មែរយើងដែលនៅក្រៅប្រទេសសូមបន្តរស់នៅប្រទេសនោះជាបន្តទៀត ដោយត្រូវអនុវត្តតាមបែបបទប្រទេសគេ សូមកុំធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងអំឡុងពេលនេះ។ សម្តេចតេជោមិនអនុញ្ញាតិឲ្យបងប្អូនខ្មែរយើងដែលរស់នៅក្រៅប្រទេសចូលមកកម្ពុជាអំឡុងពេលនេះនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់បងប្អូនកងទ័ពមួកខៀវកម្ពុជានៃអង្គការសហប្រជាជាតិ ដែលកំពុងឈរជើងការពារសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសម៉ាលី ស៊ុតដង់ជាដើម ត្រូវមានតាមដានសុខភាព និងត្រូវមានរបាយការជាប្រចាំ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នៅពេលនេះគឺត្រូវរួមគ្នាប្រយុទ្ធទប់ទល់ការឆ្លងចូលជំងឺកូវីដ-១៩ពីខាងក្រៅ។
ជាមួយគ្នានោះ យើងត្រូវទប់ស្កាត់ពីអ្នកដែលកើតហើយ មិនអោយឆ្លងទៅអ្នកដែលមិនទាន់កើត តាមរយៈវិធានការដែលយើងអនុវត្តកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាមិនមានការអោយបិទវត្តអារាម និងវិហារសាសនាផ្សេងៗឡើយ តែគ្រាន់តែហាមមិនអោយមានការជួបជុំប្រមូលផ្តុំគ្នាតែប៉ុណ្ណោះ ចៀសវាងកុំអោយមានការរីករាលដាលជំងឺនេះដល់សហគមន៍។

នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអោយមានការផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ទាំងវិស័យរដ្ឋ និងឯកជនត្រូវធ្វើការជាធម្មតាមិនមានការឈប់សម្រាកនោះទេ ហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃមកវិញនៅពេលក្រោយ។ ជាមួយគ្នានោះ យើងត្រូវកាត់បន្ថយការធ្វើដំណើរ នៅតំបន់រមនីយដ្ឋាននានា, ទីប្រជុំជន តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោអនុញ្ញាតអាចធ្វើការគោរពសាសនានៃពិធីបុណ្យចូលឆ្នាំនៅតាមផ្ទះរៀងៗខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ចំពោះការត្រៀមបម្រុងសម្រាប់អ្នកជំងឺនេះ គឺយើងបានត្រៀមបន្ទប់ចំនួន ៣,០០០បន្ទប់ហើយ មានទាំងសណ្ឋាគារ និងសាលារៀនជាដើម ក្នុងនោះយើងក៏បានត្រៀមក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។ យើងបានត្រៀមអាវគ្រូពេទ្យចំនួន៥ពាន់សម្រាប់ និងម៉ាស៥ម៉ឺនម៉ាស រួមទាំងអាល់កុលផងដែរ។ បញ្ហាស្បៀងយើងបានត្រៀមអោយមានការផ្អាកការនាំចេញនូវស្បៀងអាហារសំខាន់ៗដូចជា អង្ករ អំបិល និង ត្រីជាដើម ។ សម្តេចតេជោបានជំរុញអោយប្រជាកសិករត្រូវបង្កើនការដាំដុះដំណាំផ្សេងៗអោយបានច្រើនបន្ថែមទៀតដើម្បីអាចជួយបំពេញតម្រូវការនៅក្នុងស្រុកដែលកំពុងខ្វះខាតនោះ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នៅតែបន្តសុំអោយវិស័យឯកជន និងវិស័យឯកជន ត្រូវមានការយោគយល់គ្នាក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការអនុគ្រោះ ឬការពន្យាប្រាក់ឈ្នួលជួលអគារ ,ឈ្នួលផ្ទះ ការបង់រំលស់ផ្ទះ និងអាជីវកម្មផ្សេងជាដើម ដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងមានវិបត្តិនៃជម្ងឺកូវីដ-១៩នេះ៕

សុខខេមរា


ចែករំលែក៖