ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃថៃមួយអង្គ និងពលរដ្ឋម្នាក់រងការបាញ់សម្លាប់ដោយបំពានច្បាប់បម្រាមគោរចរ

ចែករំលែក៖

ព្រះសង្ឃដែលជាចៅអធិការវត្ត និងពលរដ្ឋម្នាក់ រងការបាញ់សម្លាប់ ដោយសារតែបានបំពានច្បាប់បម្រាបគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ អ្នកដែលបាញ់ព្រះសង្ឃគឺជាមេភូមិ ហើយត្រូវបានចាប់ខ្លួនផងដែរពីបទឃាតកម្ម។
យោងតាមសារព័ត៌មានបាងកកប៉ុសិ៍្ដនៅថ្ងៃទី​០៧ខែមេសាបានផ្សាយថា ការបាញ់ប្រហារកើតឡើងនៅតាមផ្លូវជិតវត្ត Khao Phela ស្ថិតក្នុងឃុំ Tambon Samor Thong ស្រុក Tha Chana ។ លោក Wisut Intharakamnoen អភិបាលស្រុក Tha Chana បានថ្លែងថាការបាញ់ប្រហារកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី០៧ ខែមេសា ។ លោកក៏បានទៅជាមួយនឹងលោកវរសេនីយ៍ Thitiwat Suthitivanich អធិការនគរបាលស្រុក និងប៉ូលិសដទៃទៀត ដើម្បីពិនិត្យមើលនៅកន្លែងកើតហេតុ។
លោកអភិបាលស្រុក បានបន្ដថា នៅពេលចុះមកដល់ឃើញបុរសម្នាក់ ឈ្មោះ​ Churat Khongkhlai អាយុ៤៨ឆ្នាំ ស្លាប់នៅលើយានយន្ដ ដោយមានស្នាមរបួសនៅលើខ្លួន។ ចម្ងាយពីសពនោះ ប្រហែល១០ម៉ែត្រ ក៏ឃើញសាកសពព្រះសង្ឃមួយអង្គ ត្រូវគេស្គាល់ព្រះនាម Phra Chonlathan Thavaro Kanchanabut ព្រះជន្ម៤៩ព្រះវស្សា ជាព្រះចៅអធិការវត្ត Khao Phela ។
លោកអភិបាលស្រុក បានបញ្ជាក់ថា នៅលើសាកសពរបស់ព្រះសង្ឃអង្គនេះ មានឃើញស្នាមរបួសត្រង់ព្រះសិរ (ក្បាល) និងឆ្អឹងជំនីរ។ ក្រៅពីនេះ​ សមត្ថកិច្ចបានរកឃើញកាំភ្លើងខ្លីមួយដើម នៅជិតព្រះសព​។ ដោយឡែកជនសង័្សយ ឈ្មោះ Manop Kopin អាយុ៥៥ឆ្នាំ មេភូមិ Moo 9 ឃុំ Tambon Samor Thong ក៏ត្រូវបានចាប់ខ្លួនផងដែរ។
ប៉ូលិសថៃ បានបញ្ជាក់ថា ក្រោយពេលកើតហេតុ ប៉ូលិសបានចាប់មេភូមិ​ នាំទៅឃុំឃាំង ដើម្បីស៊ើបអង្កេតលើករណីនេះបន្ដទៀត។ ក្រៅពីនេះ ប៉ូលិសនឹងបន្ដប្រមូលភស្ដុតាងបន្ថែមជុំវិញករណីឃាតកម្មខាងលើ។
ប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា ព្រះចៅអធិការ Phra Chonlathan មានភាពល្បីល្បាញ ក្នុងការដឹកនាំអ្នកស្រុកអភិវឌ្ឍ នៅក្នុងស្រុក Tha Chana និងកសាងសមិទ្ធផលផ្សេងទៀត មានទាំងការដាំដើមឈើ​ …ជាដើម រហូតទទួលបានរង្វាន់ Hemmarat ផងដែរ។
សូមបញ្ជាក់ថា ថៃបានអនុវត្តច្បាប់អាសន្ន បម្រាបគោចរពីម៉ោង ១០ យប់ដល់ម៉ោង៤ទៀបភ្លឺ តែមិនបានអនុញ្ញាតឲ្យបាញ់សម្លាប់អ្នកបំពានច្បាប់នោះឡើយ​៕


ចែករំលែក៖