ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌ ព្រមទាំងមន្រ្តីសាលារាជធានីភ្នំពេ ញ នៅវេលាម៉ោងប្រមាណជិត១០យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យមើល ភូមិសាស្ត្រ តាមបណ្ដាខណ្ឌនានាក្នុងរាជធានី ភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលចេញបំរាម ហាមឃាត់មិនឲ្យធ្វើ ដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ និងពីខេត្តចេញ-ចូលរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញ បទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយ ទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីម៉ោង២៤៖០០នាទីថ្ងៃទី០៩ រហូតដល់ម៉ោង២៤៖០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើ ដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។
ប៉ុន្តែទោះបីជាយ៉ាងណាការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ។ រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់ យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន ។ រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។ រថយន្តពន្លត់អគ្គីភ័យ ។ រថយន្តបម្រើសេ វាដឹកជញ្ជូនសំរាម និងកាកសំណល់ ។ ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌល សុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី៤(បួន)នាក់ សម្រាប់ករណីនីមួយៗ ។ បទបញ្ជានេះមានប្រសិទ្ធ ភាពអនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ រហូតដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ៕ ដោយ៖ សំរិត