សេអ៊ូល៖ ជាលើកដំបូងសម្រាប់ទីក្រុងដេគូ (Daegu) នៃប្រទេសកូរ៉េខាងត្បូង ដែលកន្លងមកជាកន្លែងមានការផ្ទុះរីករាលដាលជំងឺឆ្លង COVID-19 ខ្លាំងក្លាជាងគេ ពេលនេះគ្មានអ្នកឆ្លងថ្មីសូម្បីមួយករណី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នេះគឺជាលើកទីមួយហើយ គិតចាប់តាំងពីចុងខែកុម្ភៈមក ដែលករណីឆ្លងថ្មីមិនត្រូវបានរកឃើញនៅក្នុងទីក្រុង Daegu ស្របពេលដែលអត្រាករណីឆ្លងនៅទូទាំងប្រទេសកូរ៉េខាងត្បូង បានបន្តធ្លាក់ចុះទាបខ្លាំង។ មកទល់បច្ចុប្បន្នទីក្រុង Daegu មានចំនួនករណីឆ្លង COVID-19 ប្រមាណ ៦,៨០៧ករណី ដែលស្មើនឹងជាងពាក់កណ្តាលនៃករណីឆ្លងសរុបរបស់កូរ៉េខាងត្បូង ប្រមាណ ១០,៤៥០ករណី។
គួរជម្រាបថា នៅថ្ងៃសុក្រនេះកូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីចំនួនត្រឹម ២៧នាក់ប៉ុណ្ណោះ ដែលអត្រាឆ្លងប្រចាំថ្ងៃ កាន់តែទាបថែមទៀត ខណៈកាលពីចុងខែកុម្ភៈកន្លងទៅ អត្រាឆ្លងប្រចាំថ្ងៃធ្លាប់បានកើនដល់កម្រិតកំពូលគឺជាង ៩០០នាក់។ យ៉ាងណាមិញ អ្នកជំងឺ ០៤នាក់ទៀតក៏ទើបតែបានបាត់បង់ជីវិតផងដែរ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២០៨នាក់៕ ស តារា