ប្រទេសថៃ៖ ក្នុងស្ថានភាពអាសន្នបែបនេះ ពលរដ្ឋនៅទីណាគឺត្រូវនៅទីនោះសិនទៅ ជៀសវាងគ្រោះថ្នាក់ដល់ ខ្លួនឯង នឹងចម្លងជំងឺ ដល់សាច់ញាតិ សហគមន៍។ ការវិលត្រឡប់មកកាន់ប្រទេសដែលកំពុងតែប្រឈមបញ្ហាឆ្លងរាលដាលនៃវីរុស មិនមែនជាជម្រើសល្អនោះឡើយ។
សារព័ត៌មានBangkok Post កាលពីថ្ងៃទី ៩ ខែមេសាបានផ្សាយថា ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានស្នើដល់ពលរដ្ឋថៃ ដែលជាប់នៅក្រៅប្រទេស ត្រូវបន្តស្នាក់នៅទីនោះមួយរយៈសិនទៅ កុំវិលត្រឡប់មកប្រទេសវិញ នាពេលនេះ។ លោកបានបន្តទៀតថា នេះជារឿងមួយដ៏ល្អបំផុត គឺពលរដ្ឋរកកន្លែងរស់នៅសិន កុំប្រថុយប្រថានវិលត្រឡប់មកប្រទេសកំណើត នាពេលនេះ នាំឲ្យមានគ្រោះថ្នាក់។
រដ្ឋាភិបាលថៃ បានប្រកាសថា រហូតមកដល់ពេលនេះ មានពលរដ្ឋថៃ រហូតដល់ទៅ១៥ពាន់នាក់ បានចុះឈ្មោះជាមួយនឹងក្រសួងការបរទេស ដើម្បីរង់ចាំ វិលត្រឡប់មកកាន់ប្រទេសវិញ ក្រោយពេលថៃ បានប្រកាសបិទការហោះ បិទព្រំដែនទើបពួកគេមិនអាចវិលត្រឡប់មកកាន់ស្រុកកំណើតវិញបាន។ ស្របពេលស្ថានភាពឆ្លងរាលដាល នៃកូវីដ-១៩ កាន់តែខ្លាំងនោះ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានអំពាវនាវដល់ពលរដ្ឋនៅក្រៅប្រទេស កុំវិលត្រឡប់មកកាន់ប្រទេស ក្នុងគ្រាកំពុងមានគ្រោះថ្នាក់នេះ។ ពលរដ្ឋថៃ ចំនួន១ម៉ឺននាក់បានជាប់ នៅតាមព្រំដែន រវាងថៃ និងម៉ាឡេស៊ី ដោយសារតែការបិទព្រំដែន។
គិតត្រឹមរសៀលថ្ងៃទី១០ខែមេសា ថៃ មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង២៤០០នាក់ ស្លាប់៣២នាក់ និងព្យាបាលជាសះស្បើយ ៩៤០នាក់ផងដែរ៕ ដោយ៖ធីរីណា