ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីប្រកាសជូនដំណឹងណែនាំ ច្រើនដងមិនស្តាប់ សមត្ថកិច្ចឃាត់ក្មេងស្ទាវ១៥នាក់ ដែលដើរលេងដាច់យប់ក្នុងសភាពយ៉ាងអាណាធិបតេយ្យ ថែម ទាំងស្រែក បង្កភាពអសន្តិសុខក្នុងភូមិ។
ក្រមក្មេងស្ទាវៗដែលណែនាំមិនស្តាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនទាំងយប់រំលងអាធាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២០ នៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត។
សមត្ថកិច្ចអាវុធហត្ថបានប្រាប់ថា នៅពេលដែលកម្លាំងដើរល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅពេលយប់ ស្រាប់តែជួបប្រទះក្រុមក្មេងទំនើងខាងលើ ផ្តុំគ្នាអង្គុយលេង ខ្លះស្រែកឡូឡា ហ៊ោកញ្ជ្រៀវ បង្កភាពអានាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងជាមុខសញ្ញាគ្រឿងញៀន ទើបមានការឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចអាវុធហត្ថបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ក្រុមក្មេងទំនើងចំនួន១៥នាក់ ដែលកម្លាំងឃាត់ខ្លួនយកមកសួរនាំនៅទីបញ្ជាការក្រុងរួចហើយ បានធ្វើការអប់រំណែនាំឲ្យបញ្ឈប់ការប្រមូលផ្តុំគ្នា និងទង្វើរណាដែលធ្វើឲ្យអសន្តិសុខ រួចហៅជាងមកឲ្យកាត់សក់ឲ្យខ្លីគ្រប់ៗគ្នា ទើបឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកពួកគេទៅផ្ទះវិញ៕វណ្ណា