ព័ត៌មានទាន់ហេតុការណ៍៖

ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មិនមែនជាឧបករណ៍ប្រមូលផ្តុំអំណាច នោះទេ , នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មិនមានចរិតជាការំលោភសិទ្ធិមនុស្ស ឬ ជាឧបករណ៍ប្រមូលផ្តុំអំណាច ដូចការចោទប្រកាន់បែបអគតិរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ ។

លោក ជិន ម៉ាលីន អនុប្រធាននិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ច្បាប់នេះ ជាឧបករណ៍គតិយុត្តដ៏មានតម្លៃក្នុងការការពារសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍ ដែលជាក្តីប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនិងស្របតាមគោលការណ៍នីតិរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ ។

សេចក្តីថ្លែងការណ៍ ដដែលបន្តថា ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរៀបចំឡើងអនុលោមតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលការសម្រេចដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺ ត្រូវធ្វើឡើងនៅពេលប្រទេសជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ដែលបណ្តាលមកពី ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬ ការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និង សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬ អាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស ៕ចេស្ដា


ចែករំលែក៖