ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់កម្មការិនីរោងចក្រម្នាក់អួលបាយស្លាប់ជួយសង្រ្គោះមិនទាន់

ចែករំលែក៖

ខេត្តកំពង់ចាម៖ ជារឿងមួយស្ទើរមិនគួរអោយជឿដែលកម្មការិនីរោងចក្រម្នាក់បានបង់ជីវិតយ៉ាងអាណោចអាធ័មដោយសារតែអួលបាយក្រោយពីហូបបាយថ្ងៃត្រង់ពេលសម្រាកពីការងារ។

​ហេតុការណ៍​នេះ បានកើត​ឡើង​កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ នៅក្នុង​រោងចក្រ កាត់ដេរ មេ​ត​ថេ​ក ខេ​ម​បូ​ឌា ខ​ប លី​មី​ធី​ត ស្ថិតនៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកកំពង់សៀម បាន​ឲ្យ​ដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ណៃ រដ្ឋា អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ ឃុំ​កោះ​ទន្ទឹម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។មុនពេលកើតហេតុស្រ្តីរងគ្រោះនិងកម្មករ កម្មការិនីឯទៀតបានដល់ម៉ោងសម្រាកពីការងារដែលរោងចក្រតម្រូវឲ្យឈប់ហូបបាយថ្ងៃត្រង់ជាធម្មតា។ពេលនោះក្រុមកម្មករនាំគ្នាហូបបាយរៀងៗខ្លួនហើយស្រ្តីរងគ្រោះក៏លាកញ្ចប់បាយយកមកហូបជាមួយគេឯងដែរ។លុះពេលហូបបានបន្តិចស្រាប់តែនាងបញ្ឈរភ្នែកឡើងលើដោយអាការអួលបាយរួចបោយដៃហៅគេឯងនៅជិតនោះឲ្យមកជួយគក់រឹតទ្រូងនិងខ្នងព្រមទាំងយកទឹកមកផឹកដែរតែផឹកមិនចូល។ពេលក្រុមកម្មករជួយសង្រ្គោះបឋមមិនបានសម្រេចយ៉ាងនេះក៏បាននាំគ្នាដឹកយកគាត់មកពេទ្យប្រចាំការក្នុងរោងចក្រ តែពេលយកមកដល់គ្រូពេទ្យគ្មានលទ្ធភាពព្យាបាលបានទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ហើយជាអកុសលជនរងគ្រោះ​បាន​ដាច់ខ្យល់ស្លាប់​តែម្តងទៅ។
បន្ទាប់មកក៏បានដឹកសពបន្តទៅផ្ទះនៅភូមិកោះប្រាក់ ឃុំ​កោះ​ទន្ទឹម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដើម្បីប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត។
នេះជារឿងមួយស្មានមិនដល់ដែលបងប្អូនយើងគួរប្រុងប្រយ័ត្នផងដែរពេលហូបបាយគួរមានទឹកនៅក្បែរសម្រាប់ពេលអួលយកទឹកមកហូបទាន់ពេលទើបមិនស្ទះបំពង់ខ្យល់ស្លាប់៕ដោយ៖ប្រាថ្នា


ចែករំលែក៖