ព័ត៌មានទាន់ហេតុការណ៍៖

លោក អាំង សិរីពិសិដ្ឋ ចុះចែកទឹកអាល់កុល និងម៉ាស់ដល់អ្នកដំណើរនៅមុខវត្តទួលទំពូង ដើម្បីរួមគ្នាប្រយុទ្ឋប្រឆាំងជំងឺ COVID-19

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីរួមគ្នាប្រយុទ្ឋប្រឆាំងជំងឺ COVID-19 នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន រួមជាមួយព្រះគង់នៅវត្តទួលទំពូង បានចុះចែកទឹកអាល់កុល ចំនួន៦៦០ដប និងនិងម៉ាស់ ចំនួន ៦៦០មាស់ ដល់អ្នកដំណើរ នៅតាមផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

លោក អាំងសិរីពិសិដ្ឋ អភិបាលរងខណ្ឌ បានឲ្យដឹងថា ការផ្តល់ទឹកអាល់កុល និងម៉ាស់ ជូនដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ ដោយឥតគិថ្លៃនេះ គឺដើម្បីទប់ស្កាត់និងបង្ការជំងឺកូវីដ១៩ ដែលជាជំងឺកាចសហាវ នាបច្ចុប្បន្នអាចបង្កឲ្យមនុស្សគ្រប់ស្រទាប់ទទួលរងជំងឺនេះឈឺរហូតដល់ស្លាប់ បើគ្មានទទួលសេវាព្យាបាល ទាន់ពេលវេលា ដូចនេះដើម្បីបញ្ជៀសជំងឺនេះ បងប្អូនត្រូវឧស្សហ៍បាញ់លាងដោយទឹកអាល់កុល ឬលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់។ លើសពីនោះទៀត ពេលប្រាស្រ័យទំនាក់ទំនងគ្នា ត្រូវពាក់ម៉ាស ឬក្រម៉ា បើគ្មានករណីចាំចាច់ គួរកុំជួបជុំប្រមូលផ្តុំគ្នាច្រើន ពេលសង្ស័យមានជំងឺអ្វីគួររួសរាន់ទៅប្រឹក្សាជាមួយគ្រូពេទ្យដែលនៅជិតអ្នកបំផុត ធ្វើអនាម័យខ្លួនប្រាណ ជាប់ជាប្រចាំ ។

ជាមួយគ្នានេះផងដែរ លោកអភិបាលរងខណ្ឌ ក៏បានលើកឡើងពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលបានមកទទួលទឹកអាល់កុលនាពេលនេះ ដោយសារបច្ចុប្បន្នជំងឺនេះកំពុងរីករាលដាលស្ទើរគ្រប់ប្រទេសលើសកលលោក បើទោះបីប្រទេសកម្ពុជាមិនទាន់ធ្ងន់ធ្ងរនៅឡើយ ហើយមានអ្នកជាសះស្បើយជាច្រើនហើយក្តី តែមិនទាន់មានសញ្ញាណាមួយថាជំងឺនេះស្រាកស្រាន្តនៅឡើយទេ។ ហេតុនេះ យើងត្រូវចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដបន្តទៀតតាមបទបញ្ជា និងសេចក្តីសម្រេចផ្សេងៗ ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវរស់នៅអនាម័យខ្ជាប់ខ្ជួនលាងដៃនឹងសាប៊ូ ឬអាកុល រក្សាគំលាតឲ្យបានសមស្រប ពាក់ម៉ាស់ ការដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ បន្ទាប់ពីវិលត្រលប់ពីក្រៅប្រទេស ហើយជាពិសេសនោះគឺជៀសវាងការប្រមូលផ្តុំគ្នាមានមនុស្សច្រើន ។

លោកអភិបាលរងខណ្ឌចំការមន ក៏បានបន្ថែមអោយដឹងទៀតថា ដើម្បីចូលរួមបង្ការទប់ស្កាត់ នូវវីរុស COVID-19 នេះសូមបងប្អូនប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើ ការដឹកនាំ និងធ្វើទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលពីវិធានការក្នុងការការពារនៃការឆ្លងមេរោគកូវីដ ១៩នេះ ។ ក្នុងឱកាសនោះដែរថ្នាក់ដឹកនាំក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បី ជៀសផុតនូវការឆ្លង និងការរីករាលដាល នៃវីរុស COVID-19 នេះ។

លោកបានបន្តទៀតថា យើងត្រូវរក្សាប្រក្រតីភាពការរស់នៅប្រចាំថ្ងៃ ត្រូវចេះជួយយកអាសារគ្នា ការពារសុខភាពផ្ទាល់ខ្លួន និងគ្រួសារ សុខភាពសាធារណៈ ដើម្បីបង្ការទប់ស្កាត់ដាច់ខាតមិនឱ្យជំងឺនេះឆ្លងរីករាលដាលនៅក្នុងសហគមន៍ ជាពិសេសក្នុងអំឡុងពេលនៃបុណ្យចូលឆ្នាំថ្មីនេះ សូមអំពាវនាវអោយបងប្អូនទាំងអស់ប្រកបការងារជាធម្មតា និងមិនគួរធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយទៀតឡើយ ៕ស រស្មី


ចែករំលែក៖