លោកស្រី ម៉ាលីនដា ដែលជាភរិយារបស់កំពូលមហាសេដ្ឋីអាមេរិក បៀល ហ្គេតស៍ និងជាសហស្ថាបនិក នៃមូលនិធិ បៀល និង មេលីនដា ហ្គេតស៍ (The Bill & Melinda Gates Foundation) បានប្រកាសថា នឹងបន្ថែមថវិកាចំនួន ១៥០លានដុល្លារបន្ថែមទៀតពីមូលនិធិរបស់ខ្លួន ដើម្បីជួយពន្លឿនដល់ការអភិវឌ្ឈវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ក៏ដូចជាចាត់វិធានការផ្នែកសុខាភិបាលសាធារណៈនានា នៅចំពោះមុខការរាតត្បាត នៃជំងឺដ៏កាចសាហាវមួយនេះ ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
ជាមួយគ្នានេះលោកស្រី Melinda ក៏បានបង្ហាញពីភាពជឿជាក់ផងដែរថា «អង្គការសុខភាពពិភពលោក WHO គឺពិតជាអាចដោះស្រាយបញ្ហាជំងឺរាតត្បាតសកលមួយ នេះបានជាក់ជាមិនខាន»។
នៅក្នុងបទសម្ភាសន៍តាមរយៈខ្សែទូរស័ព្ទ លោក បៀល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft ក៏បានបង្ហាញចំណាប់អារម្មណ៍ ស្រដៀងគ្នានេះដែរជុំវិញបញ្ហានេះ ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា «ការផ្អាកផ្តល់ជំនួយហិរញ្ញវត្ថុដល់ អង្គការសុខភាពពិភពលោក (WHO) នៅកំឡុងពេលពិភពលោកទាំងមូល កំពុងប្រឈមបញ្ហាសកលបែបនេះ គឺពិតជាគ្មានន័យអ្វីសោះឡើយ។ យើងត្រូវការសហការគ្នាជាធ្លុងមួយ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ឲ្យបានទាន់ពេលវេលា»។
លោកស្រី មេលីនដា ហ្គេតស៍ (Melinda Gates) បានចេញមុខមកអះអាងថា ការផ្អាកផ្តល់ជំនួយថវិកាជូនដល់ អង្គការសុខភាពពិភពលោក (WHO) នៅចំពេលដែលពិភពលោកទាំងមូល កំពុងប្រឈមនឹងវិបត្តិសុខភាពដែលបង្កឡើងដោយជំងឺ COVID-19 បែបនេះ គឺជាទង្វើមួយដ៏គ្រោះថ្នាក់ និងមិនសមហេតុសមផលសោះឡើយ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលរបស់លោក នឹងផ្អាកផ្តល់ជំនួយថវិកាដល់ អង្គការសុខភាពពិភពលោក (WHO) ដោយលោកបានលើកជាហេតុផលថា អង្គការអន្តរជាតិមួយនេះបានបរាជ័យក្នុងការបំពេញការតព្វកិច្ចជាមូលដ្ឋានរបស់ខ្លួន នៅចំពោះជំងឺ COVID-19 ដែលនាំឲ្យជំងឺដ៏កាចសាហាវនេះ អាចសាយភាយពាសពេញសកលលោក៕ដោយ៖ស តារា