អ៊ីរ៉ង់ពិតជាធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងទិវាបង្កើតកងទ័ពលើកនេះពិតជាខុសប្លែកពីមុន ដោយជារៀងរាល់ឆ្នាំនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា អ៊ីរ៉ង់បានបង្ហាញអាវុធទំនើបៗជាច្រើន ពិសេសគឺ មីស៊ីលទំនើបបំផុតដែលអាចកម្ទេចគោលដៅរបស់សត្រូវក្នុងរយៈពេលខ្លី។ ប៉ុន្តែនៅក្នុងសម័យសង្គ្រាមប្រឆាំង កូវីដ១៩ មីស៊ីល និងអាវុធទំនើបៗផ្សេងទៀត មិនអាចធ្វើអ្វីកូវីដ១៩បានឡើយ មានតែបរិក្ខារពេទ្យតែប៉ុណ្ណោះ។
ទាំងនោះហើយបានជាអ៊ីរ៉ង់បង្វែរ ពីអាវុធសម្លាប់មនុស្ស មកដង្ហែ អាវុធសម្រាប់សង្គ្រាមប្រឆំាងវីរុសទៅវិញ។
នៅថ្ងៃទី១៧ ខែមេសា អ៊ីរ៉ង់បានដង្ហែក្បួនព្យុហយាត្រា ឧបករណ៍សម្រាប់ធ្វើសង្គ្រាមប្រឆាំងកូវីដ១៩ មានដូចជារថយន្តបាញ់ថ្នាំសម្លាប់ កូវីដ១៩ បរិក្ខារពេទ្យជាច្រើនប្រភេទ នៅក្នុងទិវាបង្កើតកម្លាំងយោធាប្រទេសនេះ។
នៅក្នុងពិធីសង្ហែក្បួនព្យុហយាត្រាយោធាឆ្នាំនេះមានឈ្មោះថា«អ្នកការពារភូមិស្រុក អ្នកការពារសុខភាព» ត្រូវបានរៀបចំឡើងនៅទីតាំងហ្វឹកហាត់យោធា ត្រៀមធ្វើសង្គ្រាមប្រឆាំងកូវីដ១៩។
នៅក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ មានពេទ្យយោធា ដល់ទៅ១១ពាន់នាក់ចូលរួម។
លោក Abdolrahim Mousavi មន្ត្រីយោធាអ៊ីរ៉ង់បានបញ្ជាក់ថា យើងត្រូវតែសមរស់នៅជាមួយកូវីដ១៩រហូតដល់មានអាវុធកម្ចាត់«ថ្នាំព្យាបាល»។
តាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Kianush Jahanpur បញ្ចាក់ថា បច្ចុប្បន្នអ៊ីរ៉ង់មានអ្នកស្លាប់ដោយកូវីដ១៩ កើនឡើងដល់ជិត៥ពាន់នាក់ហើយ។ ចំណែកអ្នកឆ្លងវិញបានកើនឡើងដល់ ជាង៧៩ពាន់នាក់ ក្នុងនោះមានជាង៣ពាន់នាក់ស្ថិតក្នុងសភាពគ្រោះថ្នាក់៕ដោយ៖ធីរីណា