ព័ត៌មានទាន់ហេតុការណ៍៖

បញ្ញើទៅគ្រប់ប្រទេសទាំងអស់ តាមប្រៃសណីយ៍កម្ពុជា ត្រូវបានផ្អាកដោយសារវិបត្តិ COVID-19 , នឹងជូនដំណឹងអំពីការបើកទទួលផ្ញើបញ្ញើឡើងវិញខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែវិបត្តិ ជំងឺCOVID-19 កំពុងរាតត្បាត ធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាស អាក់ខានស្ទើរទាំងស្រុង។ នេះបើតាមការបញ្ជាក់អោយដឹងពីអង្គភាព ប្រៃសណីយ៍កម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកការទទួលបញ្ញើ ផ្ញើឥវ៉ាន់ទៅគ្រប់ប្រទេសទាំងអស់។
នៅក្នុងសេចក្តីជូនដំណឹង របស់អង្គភាព ប្រៃសណីយ៍កម្ពុជា ក៏បានបញ្ជាក់ផងដែរថា៖ ទន្ទឹមនឹងផ្អាក ក៏នឹងជូនដំណឹងអំពីការបើកទទួលផ្ញើបញ្ញើឡើងវិញ នៅពេលខាងមុខនេះ។

សូមបញ្ជាក់ថា យោងតាមទិន្នន័យពីគេហទំព័រ worldometer គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,២៥០,៧៣៥ករណី ក្នុងនោះស្លាប់ ១៥៤,២៤១នាក់ និងជាសះស្បើយឡើងវិញ ៦១២,០៧១នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី។

វិបត្តនៃជំងឺនេះ បានបង្ខំឲ្យប្រទេសនានា ត្រូវសម្រេចចិត្តបិទប្រទេសរបស់ខ្លួន ជាបណ្តោះអាសន្នមួយរយៈសិនផងដែរ ដើម្បីការពារ និងបង្ការការរីករាលដាលកាន់តែខ្លាំង។ ដោយឡែក កូវីដ-១៩ នៅអាមេរិកស្លាប់កើនឡើងជិត៤ម៉ឺននាក់ហើយ ជាចំនួនកើនច្រើនទៅៗ។

យោងតាមគេហទំព័រ Worldometer នៅព្រឹកថ្ងៃទី១៨ខែមេសា បានផ្សាយថា ៖មានចំនួនអ្នកឆ្លងជំងឺ កូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងជាង ៧សែននាក់ហើយ ក្នុងនោះមនុស្សស្លាប់សរុបជាង ៣៧ពាន់នាក់ និងជាសះស្បើយឡើងវិញចំនួនជាង៦០ពាន់នាក់៕ដោយ៖សិ លា


ចែករំលែក៖