ខេត្តកំពង់ស្ពឺ៖ព័ត៌មានបឋមបានអោយដឹងថា នៅព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្រុមទណ្ឌិតប្រមាណ៣០នាក់នាំគ្នាវាយមន្ត្រីពន្ធនាគារឲ្យរងរបួសប្រុងរត់ចេញពីគុក ខេត្តកំពង់ស្ពឺ តែត្រូវបានកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្ត សហការចាប់ជនសង្ស័យបានមកវិញទាំងអស់ភ្លាមៗ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាអ្នកដឹកនាំប្រតិបត្តិការបង្ក្រាប ក្រុមអ្នកទោសហែកគុករត់នេះ បានថ្លែងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា ក្រោយពីទទួលបានដំណឹងភ្លាមៗថា មានក្រុមអ្នកទោសហែកគុក និងវាយមន្ត្រីពន្ធនាគាររត់ចេញ លោកបានបញ្ជាឲ្យកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត និងកម្លាំងកងរាជអាវុធហត្ថសហការគ្នាបង្ក្រាប និងចាប់ជនដៃដល់ជាអ្នកទោសយកបានមកវិញភ្លាមៗ។
លោកអភិបាលខេត្តបានបន្តថា អ្នកទោសដែលរត់បានដល់ក្រៅមន្ទីរឃុំឃាំង ក៏ត្រូវចាប់បានមកវិញទាំងអស់ដែរ និយាយរួមមិនដូចពាក្យចចាមអារ៉ាមថា មានអ្នកទោសរត់រួចរាប់រយអ្នកនោះទេ។
ចំពោះមូលហេតុដែលនាំឲ្យមានអ្នកទោសប្រុងរត់ និងវាយមន្ត្រីពន្ធនាគារឲ្យរបួសនេះ ដោយពេលនោះមានអ្នកទោសម្នាក់ឈឺ ហើយកម្លាំងជំនាញបានយករថយន្តសង្គ្រោះដឹកទៅព្យាបាល នៅមន្ទីរពេទ្យ។ពេលនោះរថយន្តសង្គ្រោះចូលទៅដល់ក៏ត្រូវ បានក្រុមអ្នកទោសបះបោរឈាន ទៅវាយមន្ត្រីពន្ធនាគារតែម្តង ហើយពួកគេមានឱកាសក៏នាំគ្នារត់ចេញពីគុក ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសហការចាប់បានមកវិញទាំងអស់។
ឆ្មាំគុកបាននិយាយថា ការសម្រុករត់គេចក្រុមអ្នកទោសនេះគឺសមត្ថកិច្ចចូលទៅយកអ្នកទោស ដែលមានជំងឺទើបឱកាសល្អធ្វើឲ្យក្រុមអ្នកទោសព្យាយាមរត់គេច ។ការពិតពន្ធនាគារនេះ មានការយាមតឹងរឹងណាស់។
យ៉ាងណា មានប្រភពផ្សេងមួយនិយាយថាចាប់តាំងពីលោក ទីន សុវណ្ណី គ្រប់គ្រងដឹកនាំជាប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ នេះ មានអ្នកទោសជាច្រើននាក់បានស្លាប់ និងច្រើននាក់ទៀតបានរត់គេចខ្លួន ខ្លះចាប់ខ្លួនបានមកវិញ ខ្លះទៀតរត់គេចបាត់តែម្តង ប៉ុន្តែអ្វីៗ អស់លោកព្យាយាមលាក់បាំងព័ត៌មានណាស់ ទើបតែពេលនេះបែកធ្លាយដោយសារតែក្រុមអ្នកទោសច្រើននាក់ព្យាយាមរត់គេចខ្លួន។
ទាក់ទិនករណីខាងលើនៅព្រឹកថ្ងៃទី២០ មេសា នេះពុំអាចសុំការបំភ្លឺពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានទេ៕ប្រាថ្នា