ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង សួរ ៖ យកសំណាកទៅពិសោធន៍បន្ត អ្នកទាំង ២១នាក់នេះ មិនមែនជាអ្នកមានវិជ្ជមានកូវីដ-១៩ទេ

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអោយដឹងថា៖ នៅថ្ងៃនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០ មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់ពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលធ្វើការវិញ។

លោកបន្តថា៖ គោលបំណងនៃការត្រួតពិនិត្យសុខភាពនេះគឺដើម្បីការពារសុខភាពបងប្អូនកម្មកររោងចក្រជាង ៩៥% ដែលបានមកធ្វើការងារធម្មតាក្នុងអំឡុងពេលចូលឆ្នាំ ក៏ដូចជាការពារសុខភាពបងប្អូនដែលបានឈប់នោះផងដែរ។

លោកលើកឡើងថា៖ ថ្ងៃនេះយើងរួមសហការគ្នាត្រួតពិនិត្យសុខភាព ជូនបងប្អូនកម្មកររោងចក្របានចំនួន ១០១៨នាក់ ក្នុងនោះ៖
– យកសំណាកទៅពិសោធន៍បន្តចំនួន ១៨នាក់ ដោយដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រឹត២ វិទ្យាល័យជម្ពូវន្ត ទាំង ២១នាក់។ (សូមបញ្ជាក់អ្នកទាំង ២១នាក់នេះ មិនមែនជាអ្នកមានវិជ្ជមានកូវីដ-១៩ទេ)។
– ដាក់ឲ្យស្នាក់នៅមណ្ឌចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវន្ត) ចំនួន ៣៨នាក់។
– ដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៩៥៩នាក់។
ដោយឡែកនៅខេត្តព្រះសីហនុ ក៏បានរៀបចំមណ្ឌលត្រួតពិនិត្យសុខភាពចំនួន ២កន្លែង ដោយបានពិនិត្យសុខភាព និងដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៦០នាក់ផងដែរ។

លោកបញ្ជាក់ថា៖ ម៉ោង ៧:៤០នាទីយប់យើងបានបញ្ចប់ការងារថ្ងៃទី១របស់យើង។ ទម្រាំរៀបសម្ភារៈបរិក្ខាចប់ និងទៅដល់ផ្ទះគឺប្រហែលជាម៉ោងជិត ៩យប់ ជាមិនខាន។ យើងរីករាយបំពេញការងារមនុស្សធម៌នេះ ពីព្រោះវាជាកាតព្វកិច្ចរបស់យើងម្នាក់ៗ និងដើម្បីប្រយោជន៍សុខភាព និងស្ថិរភាពសង្គមជាតិយើង។ ប៉ុន្តែលោកសូមសំណូមពរដល់បុគ្គលគ្រប់ស្រទាប់វណ្ណៈទាំងអស់ សូមមេត្តាចងចាំក្នុងចិត្តថា ជំងឺកូវីដ-១៩ វាមិនមែនជារឿងរបស់អ្នកតែម្នាក់ឯងនោះទេ។ អ្នកអាចក្លាយជាភ្នាក់ងារបំផ្លាញជីវិតអ្នកដទៃ ប្រសិនជាអ្នកមិនខិតខំការពារខ្លួនអ្នកកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ បើអ្នកមិនមែនជាអ្នកជំនាញ សូមអ្នកស្តាប់ការអំពាវនាវរបស់អ្នកជំនាញ និងរាជរដ្ឋាភិបាល។ បើអ្នកមិនបានជួយអ្វីដល់សង្គម សូមអ្នកកុំដាក់បន្ទុកបន្ថែមដល់សង្គម។ បើអ្នកមិនសូវសប្បាយចិត្តនឹងរងចាំអ្វីមួយនៅថ្ងៃនេះ សូមអ្នកដឹងថាអ្នកនៅជុំវិញអ្នកខ្លាចអ្នកប៉ុណ្ណាទេ?
លោកសូមអរគុណចំពោះការសហការ និងសូមអរគុណចំពោះភាពអត់ធ្មត់ដែលអ្នកសងមកវិញនៅថ្ងៃនេះ។ នេះជាមេរៀនមួយ ដែលមិនគួរកើតមានម្តងទៀត។

អ្នកនាំពាក្យរូបនេះថ្លែងថា៖ រាជរដ្ឋាភិបាល និងក្រសួង ក៏ដូចជា លោកផ្ទាល់នៅតែអានិតស្រឡាញ់បងប្អូនទាំងអស់ដោយសារយើងជាជនរួមជាតិតែមួយ។ មានឬក្រ ល្អឬអាក្រក់យើងនៅតែជាខ្មែរ។ ខុសលើកទី១ ហើយដឹងខ្លួនគឺជារឿងនៅអាចទទួលយកបាន៕ដោយ៖សុខខេមរា


ចែករំលែក៖