កំពង់ឆ្នាំង ៖ ជនស៊ីវិលមួយក្រុម មានគ្នា៧ទៅ៨នាក់ ខ្លះមានទាំងអាវុធផងនោះបានបន្លំខ្លួនជាសមត្ថកិច្ចនគរបាលគ្រឿងញៀន ស្ទាក់ម៉ូតូប្រជាពលរដ្ឋ រួចទាញកាំភ្លើងវាយក្បាលតែម្តង ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៥២ ក្នុងភូមិសាស្រ្ត ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅវេលាកើតហេតុ មានយុវជន២នាក់បានជិះម៉ូតូឌុបគ្នា តាមបណ្តោយផ្លូវជាតិលេខ៥២ នៅពេលជិះទៅដល់ចំណុចកើតហេតុក៍ឃើញមានមនុស្សមួយក្រុមមានគ្នា៧ទៅ៨នាក់ ដែលមានម៉ូតូ៥គ្រឿង ដែលមានឯកសណ្ឋានជាជនស៊ីវិល បានឃាត់ម៉ូតូរបស់យុវជន២នាក់ ហើយបានប្រាប់ថា ពួកគេជា ប៉ូលីសបង្រ្កាបគ្រឿងញៀន បានកាក់ស្ទាក់ម៉ូតូពួកគាត់ ក្នុងពេលនោះយុវជនទាំងពីរនាក់នោះ បានហុចកញ្ចប់បារី ១ កញ្ចប់ទៅឱ្យគាត់ នៅពេលនោះពួកគាត់មិនព្រមទទួលយក បែរជាដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបានវាយទៅលើយុវជនម្នាក់ បណ្ដាលឲ្យបែកក្បាល រួចហើយក៏ឡើងជិះម៉ូតូគេចខ្លួនបាត់អស់ទៅ ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោកឧត្តមសេនីយត្រី អ៊ៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រាប់នគរវត្តតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះថា លោកបានទទួលព័ត៌នេះតាំងពីយប់មកម្លេះ ហើយបានចាត់កម្លាំងអោយធ្វើការស្រាវជ្រាវ ដែលនៅពេលនេះសមត្ថកិច្ចមូលដ្ឋានកំពុងតែធ្វើការហើយបើលទ្ធផលយ៉ាងណានោះលោកនឹងផ្តល់ដំណឹងជាបន្តទៀត ។ដោយ៖ ចន្ថា