ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជេីញចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ១០០គ្រួសារ ក្នុងសង្កាត់ព្រែកប្រា ដោយក្នុងមួយគ្រួសារទទួលបាន អាហាររ៉ាម៉ាឌន ចំនួន ១ឈុត ដែលរៀបចំនៅក្នុងបរិវេណអនុវិទ្យាល័យព្រែកប្រា ។ ក្នុងពិធីនេះ លោកអភិបាលខណ្ឌច្បារអំពៅ បានថ្លែងសំណេះសំណាល និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដូចខាងក្រោម ៖ ១~ផ្អាកការពិសារអាហារស្រាយបួស នៅវិហារ ដោយសូមអនុវត្តនៅតាមផ្ទះរៀងៗខ្លួន ២~ផ្អាកការស្រឡាតតារ៉វ៉េះ (ថ្វាយបង្គំពេលយប់ក្នុងខែ រ៉ាម៉ាឌន) នៅតាមវិហារ តែសូមធ្វើការជាលក្ខណៈគ្រួសារនៅតាមផ្ទះ រហូតដល់មានសេចក្ដីជូនដំណឹងពីរាជរដ្ឋាភិបាល ៣~ការដើរសួរសុខគ្នា នៅថ្ងៃរ៉យ៉ាហ្វិត្រាស់ សូមកុំប្រមូលផ្តុំ ហើយរក្សាគម្លាតពីគ្នា ៤~ត្រូវអនុវត្តវិធីបង្ការតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលរួមមាន៖ ការរក្សាអនាម័យ ការលាងដៃនឹងសាប៊ូ អាល់កុល ឬជេល ការពាក់ម៉ាស់ និងចៀសវាងចាប់ដៃគ្នា។
លោកអភិបាលខណ្ឌ បានណែនាំទៀតថា ករណីមានការសង្ស័យ សូមប្រញាប់ទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើតេស្តរកមេរោគ ទាំងនេះ គឺជាក្បួននៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវនេះ ៕ សណ្តោស