ខេត្តបន្ទាយមានជ័យ ៖ នៅល្ងាច ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០នេះមានភ្លៀងមួយមេយ៉ាងធំលាយឡំជាមួយនិងខ្យល់កន្ត្រាក់បោកបក់មកចំស្រុកថ្មពួកបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៨១ខ្នង ត្រូវរងនូវការខូចខាតធ្ងន់និងស្រាលស្ទើរអស់ទាំងស្រុង។
មន្ត្រីនគរបាលស្រុកថ្មពួក បានប្រាប់ឲ្យដឹងថា នៅចន្លោះវេលាម៉ោង៥ទៅម៉ោង៧យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅស្រុកថ្មពួក មានភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងចំផ្ទះប្រជាពលរដ្ឋចំនួន៣ឃុំសរុប៨១ខ្នង បានរងការខូចខាតធ្ងន់ស្រាល។
ផ្ទះរបស់ប្រជាពលរដ្ឋទាំង៨១ខ្នង ដែលរងនូវការខូចខាតនោះមាន ក្នុងឃុំថ្មពួកខូចខាតធ្ងន់ស្រាលចំនួន២៧ខ្នង ក្នុងឃុំគំរូខូចខាតធ្ងន់ស្រាលចំនួន១៤ខ្នង និង ឃុំគោករមៀតខូចខាតធ្ងន់ស្រាលចំនួន៤០ខ្នង។
ក្នុងករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ មិនទាន់ទទួលបានថា មានគ្រោះថ្នាក់មនុស្ស សត្វនៅឡើយទេ។
ក្រោយពីភ្លៀងធ្លាក់ចប់ ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់នោះ ក្រោយពីកើតហេតុហើយត្រូវបានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ជួយរៀបចំទុកដាក់ឲ្យមានរបៀបរៀបរយឡើងវិញនិងត្រៀមជួយជួសជុលបន្តនៅថ្ងៃមុខនេះ៕ ហេង សូរិយា