ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណាពេជ្រ សម្រេចចិត្តលក់ផ្ទះវីឡាស្កឹមស្កៃនៅបុរីពិភពថ្មីសំរោងអណ្តែតនោះហើយ ក្រោយពីប្រកាសលក់អស់ជាច្រើនខែ។ ការលក់នេះត្រូវបានគេដឹងថាក្រោយពេលលោកព្យាយាមស្វះស្វែងជួយព្យាបាលជំងឺរ៉ាំរ៉ៃរបស់ឪពុក។
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះករុណាពេជ្រ និងឪពុកបានចាប់ផ្តើមរើឥវ៉ាន់ ចេញពីទ្រនំធ្លាប់នៅអស់រយៈពេល៥ឆ្នាំ ។ ករុណាពេជ្រ ពោលទាំងក្តុកក្តួល ទាំងស្រក់ទឹកភ្នែក ដោយសារតែនឹកស្រណោះជម្រកដ៏សុខសាន្តមួយនេះ។
តារារូបនេះរៀបរាប់ថា៖” ខ្ញុំនិយាយអារម្មណ៏ពិតមួយ មិនមានបំណងឲ្យបងប្អូនអាណិតទេ។ តែអារម្មណ៏ពិត មិនដឹងថាបងប្អូនធ្លាប់មានអារម្មណ៏ដូចខ្ញុំដែរទេ?ពេលរើផ្ទះដូចមានអារម្មណ៏ចង់ហូរទឹកភ្នែកម៉េចទេ។នឹកប៉ាអាណិតប៉ា ស្រណោះអនុស្សាវរីយ៏តស៊ូយ៉ាងច្រើនជាមួយប៉ាក្នុងផ្ទះមួយនេះប៉ាឈឺហើយអ៊ីចឹងប៉ាអង្គុយឲ្យស្ងៀម កូនអាចធ្វើបាន”។លោក បន្ថែមថា៖”មួយជាតិនេះ កូននឹងចំណាយពេលវេលា រួមទាំងថវិកាជាមួយប៉ាអស់ម៉ានក៏តាមនឹងចោះព្រោះប៉ាមានតែកូនមួយ គឺ កូន ទោះបីប៉ាពិការ មិនស្គាល់កូនក៏ដោយ ក៏កូននៅតែដឹកដៃប៉ាដើរជាមួយគ្នាបន្តទៀត។ ថ្ងៃនេះខ្ញុំ និង ប៉ា សូមលាពីផ្ទះមួយនេះហើយ។ អរគុណរយះពេលជាង ៥ ឆ្នាំដែលអ្នកបានជួយចំរុងចំរើនខ្ញុំសូមឯងបន្តនាំលាភ ជូនដល់ម្ចាស់ឯងថ្មីផងណា”។
តារារូបនេះមិនបានថានឹងបន្តធ្វើដំណើរទៅរស់នៅផ្ទះណាថ្មីទេ ប៉ុន្តែតាមរយៈសារនេះបានធ្វើឲ្យអ្នកគាំទ្រ ពិសេសអ្នកសិល្បៈផ្ញើសារលើកទឹកចិត្ត និងកោតសរសើរចំពោះការលះបង់ដ៏ធំធេញសមជាកូនកត្តញ្ញូចំពោះអ្នកមានគុណ។
គួរបញ្ជាក់ផងដែរថា ករុណា ពេជ្រ ធ្លាប់បានប្រកាសលក់ផ្ទះធំទ្រនុំខ្ពស់កាលពីប៉ុន្មានខែមុនក្រោយពីស្ថានភាពជំងឺឪពុកកាន់តែលំបាក រហូតត្រូវសម្រាកនៅលើគ្រែ និងរទេះរុញ។ កាន់តែស្រណោះក្រោយពីតារារូបនេះបញ្ចេញបទចម្រៀងរៀបរាប់ពីប្រវត្តិនិងជីវិតផ្ទាល់ខ្លួន គឺបទ”ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ” ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែខ្លោចចិត្តអាណិតតារាចម្រៀងរូបនេះកាន់តែខ្លាំង៕ដោយ៖ វឌ្ឍនា