សិង្ហបុរី៖ ប៉ូលិសសិង្ហបុរី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានចាប់ខ្លួន ស្រ្តីម្នាក់ដែលជាមន្ត្រីស៊ីវិល របស់ប្រទេសសិង្ហបុរី ក្រោយធ្វើឲ្យបែកធ្លាយតួលេខឆ្លងជំងឺ COVID-19 មុនពេលតួលេខនេះត្រូវបានចេញផ្សាយជាផ្លូវការ ។ តាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia បានបញ្ជាក់ថា ប៉ូលិសវាយចាប់វាយខ្នោះ មន្ត្រីស៊ីវិលម្នាក់ជាស្ត្រីវ័យ៣៥ឆ្នាំ បន្ទាប់ពីចែករំលែកព័ត៌មានខុសគោលដៅ ក្រោមច្បាប់ការសម្ងាត់ផ្លូវការរបស់សិង្ហបុរី។ ដោយ ស្ត្រីរូបនេះ ក៏បានប្រើប្រាស់កុំព្យូទ័រដោយគ្មានការអនុញ្ញាត ដែលល្មើសច្បាប់ការប្រើប្រាស់កុំព្យូទ័រខុសគោលដៅផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ប៉ូលិសសិង្ហបុរី មន្ត្រីដែលពុំត្រូវបង្ហោះឈ្មោះរូបនេះ ក៏ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើទិន្នន័យ COVID-19 របស់រដ្ឋាភិបាល ដោយគ្មានការអនុញ្ញាត ក្នុងគោលបំណងទាញយកព័ត៌មានសម្ងាត់របស់មនុស្សម្នាក់ ដែលមានលទ្ធផលតេស្តវិជ្ជមានសម្រាប់COVID-19 ហើយផ្ដល់ព័ត៌មាននេះទៅកាន់មិត្តខ្លួនម្នាក់។ កាលពីថ្ងៃទី១៦ ខែមេសា វេលាម៉ោង៧និង៤០នាទីយប់ ប៉ូលិសសិង្ហបុរី ទទួលបានដំណឹងពីពលរដ្ឋថា តួលេខឆ្លងCOVID-19ដែលបានរកឃើញនៅថ្ងៃនោះ ត្រូវបានបង្ហោះលើបណ្ដាញសង្គម Instagram ទោះបីជាក្រសួងសុខាភិបាលសិង្ហបុរី ពុំទាន់ចេញផ្សាយតួលេខនោះជាផ្លូវការក៏ដោយក្តី។ ជាង៣ម៉ោងក្រោយ ក្រសួងសុខាភិបាលសិង្ហបុរី បានរាយការណ៍ជាផ្លូវការនូវករណីឆ្លងCOVID-19 ៧២៨ករណីថ្មី នាម៉ោង១១និង១០នាទីយប់។ ការស៊ើបអង្កេតបឋម បានបង្ហាញថា ស្ត្រីរូបនេះដែលទទួលខុសត្រូវលើព័ត៌មានសម្ងាត់លើករណីCOVID-19 បានចែករំលែកតួលេខនេះជាមួយសមាជិក WeChat ឯកជនមួយក្រុម។ ប៉ូលិសសងិ្ហបុរី បញ្ជាក់បែបនេះ ដោយបន្ថែមថា ស្ត្រីរូបនេះ ក៏ធ្លាប់ចែករំលែកតួលេខឆ្លងCOVID-19ប្រចាំថ្ងៃជាមួយក្រុមWeChatដដែលនេះ មុនពេលតួលេខផ្លូវការបានចុះផ្សាយច្រើនដងមកហើយ។ ប្រសិនបើរកឃើញទោសកំហុសក្រោមបទច្បាប់ការសម្ងាត់ផ្លូវការមែននោះ ស្ត្រីរូបនេះ អាចរងពិន័យជាប្រាក់រហូតដល់១៤០០ដុល្លារ និងជាប់គុករហូតដល់២ឆ្នាំ។ ហើយប្រសិនបើរកឃើញទោសកំហុសក្រោមច្បាប់ប្រើកុំព្យូទ័រខុសគោលដៅមួយទៀតនោះ នាងអាចរងពិន័យ៣៥០០ដុល្លារ និងជាប់គុករហូតដល់២ឆ្នាំ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមេសានេះ ប្រទេសសិង្ហបុរី មានករណីឆ្លងសរុបលើស១ម៉ឺនពីរពាន់ករណីហើយ ក្នុងនោះជាង១ពាន់ករណីថ្មីត្រូវបានរាយករណ៍ក្នុងមួយថ្ងៃៗ។ អ្នកជំងឺជិត១ពាន់នាក់ជាសះស្បើយ ខណៈអ្នកស្លាប់សរុបដោយសារ COVID-19 មាន១២នាក់។ ភាគច្រើនអ្នកឆ្លងនៅសិង្ហបុរី គឺជាពលករបរទេស៕ ដោយ៖ ស តារា