ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីពិភពលោកកំពុងរងការរាតត្បាត ពីជំងឺឆ្លងដ៏កាចសាហាវ COVID-19 លីប៊ីនៅតែបន្តប្រយុទ្ធបង្ហូរឈាមគ្នាឯង

ចែករំលែក៖

ទ្រីប៉ូលី៖ កងយន្តហោះចម្បាំងរបស់យោធាលីប៊ីភាគខាងលិច (GNA) បានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួន ០៤លើក ទៅលើមូលដ្ឋានយោធាមួយកន្លែង របស់គូបដិបក្ខគឺកងកម្លាំង LNA ដែលមានមូលដ្ឋាននៅ ភាគខាងកើតលីប៊ី ខណៈដែលពិភពលោកកំពុងរងការរាតត្បាត ពីជំងឺឆ្លងថ្មីដ៏កាចសាហាវ COVID-19 នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលីប៊ីភាគខាងលិច (GNA) នាថ្ងៃសុក្រសប្តាហ៍នេះ

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះថា លោក ម៉ូហាម៉េដ ហ្គោណូណូ (Mohamed Gonono) ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលលីប៊ី បានប្រាប់ដូច្នេះថា «កងទ័ពអាកាសរបស់យើង បានធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ចំនួន ០៤លើកទៅលើមូលដ្ឋានយោធា វ៉ាធីយ៉ា (Watya) ដោយសំដៅកម្ទេចយានជំនិះ និងសមាជិករបស់កងកម្លាំង LNA » ប៉ុន្តែមិនបានបញ្ជាក់ឲ្យដឹង ពីចំនួនមនុស្សរងគ្រោះឡើយ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសលីប៊ី កងទ័ពLNA យ៉ាងតិចចំនួន ០៥នាក់បានបាត់បង់ជីវិត រីឯ ១០នាក់ទៀតបានរងរបួស។

គួរជម្រាបថា មូលដ្ឋានយោធា Watya ស្ថិតនៅចម្ងាយប្រមាណជា ១៤០គីឡូម៉ែត្រភាគនិរតី នៃរដ្ឋធានីទ្រីប៉ូលី។ តាំងពីខែមេសា ឆ្នាំ២០១៩កងកម្លាំង LNA បាននិងកំពុងបន្តដឹកនាំយុទ្ធនាការយោធា ដើម្បីព្យាយាមដណ្តើមយកទីក្រុងទ្រីប៉ូលី ហើយផ្តួលរំលំរដ្ឋាភិបាល GNA ដែលមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។

ការប្រយុទ្ធគ្នានេះបានសម្លាប់ និងបង្កឲ្យរបួសមនុស្សរាប់ពាន់នាក់ ហើយបង្ខំឲ្យប្រជាជនលីប៊ីច្រើនជាង ១៥០,០០០នាក់ ត្រូវព្រាត់ប្រាស់ពីផ្ទះសម្បែង ហើយវាកំពុងតែបន្តប្រព្រឹត្តទៅយ៉ាងក្តៅគគុក ខណៈដែលពិភពលោកកំពុងរងការរាតត្បាត ពីជំងឺឆ្លងថ្មីដ៏កាចសាហាវ COVID-19 នៅក្នុងប្រទេសលីប៊ីមានអ្នកឆ្លងជំងឺនេះសរុប ៦១នាក់ ក្នុងនោះ ០២នាក់ស្លាប់ និង ១៨នាក់ជាសះស្បើយ៕ដោយ៖ស តារា


ចែករំលែក៖