ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងនឹងចាត់វិធានការលើការផ្សព្វផ្សាយលើបណ្តាញសង្គម ទាំងជាសារ និងរូបភាព ដែលធ្វើឲ្យប៉ះពាល់ដល់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។ការរឹតបន្តឹងនេះនឹងធ្វើឡើងក្រោយពីគេសង្កេតឃើញពីសកម្មភាពអនាធិបតេយ្យមួយចំនួនដែលបាននិងកំពុងកើតមានឡើងនិងបានជះឥទ្ធិពលខ្លាំងទៅលើវប្បធម៌ប្រពៃណីខ្មែរ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាស្វែងរកវិធានការទប់ស្កាត់ ការផ្សព្វផ្សាយរូបភាព សារជាអក្សរ/សំឡេង និងរូបភាពវីដេអូ តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមដែលមានចរិត លក្ខណៈបង្កឲ្យមានផលប៉ះពាល់ដល់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទាំងលើអង្គហេតុ និងអង្គច្បាប់រួចមក លោកជំទាវរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានសម្រេចប្រគល់ជូនសមាជិក សមាជិកាព្រមទាំងក្រុមការងារលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាពិន័យ និងលើកសរសើរឲ្យរៀបចំនូវបណ្តាវិធាន ដែលរួមមាន៖ទី១- ធ្វើសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដែអូ ឬ/និងទម្រង់ផ្សេងៗ ដែលបណ្តាលឲ្យមានផលប៉ះពាល់ ចំពោះវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ស្រទាប់មហាជន។ទី២ -បង្កើតគេហទំព័រ ឬ/និងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដើម្បីទទួលបានព័ត៌មានពីមហាជន។ទី៣- ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានពិនិត្យ និងចាត់វិធានការប្រកបដោយភាពហ្មត់ចត់បំផុត ចំពោះអ្នកប្រើ ប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលមានចេតនាបង្កផលប៉ះពាល់ ដល់វប្បធម៌ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ ដោយអនុលោមតាមក្រមសីលធម៌ នៃអ្នកសិល្បៈ ឬ/និងប្រកាសអន្តរក្រសួងលេខ១៧០ ប្រក.អន្តរក្រ. ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអុីនធឺណេតនៅព្រះរាជាណាចក្រកម្ពុជា ឬ/និង ដោយអនុលោម ទៅតាមក្រមព្រហ្មទណ្ឌ ឬច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផ្អែកទៅតាមសកម្មភាពដែលអ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមបានប្រព្រឹត្ត។
គួរបញ្ជាក់ដែរថា កន្លងទៅមានការរិះគន់ជាច្រើនទៅលើសិល្បករសិល្បការិនីមួយចំនួនដែលបានបញ្ចេញរូបភាពសិចស៊ីជ្រុលហួសហេតុ រួមដោយការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យផងដែរ។ ក្នុងនោះដែរគេក៏សង្កេតឃើញមានអាជីវករលក់ដូរទំនិញតាមអនឡាញជាច្រើនបានបង្កើតចេញជារូបភាពសិចស៊ីជ្រុសហួសហេតុដែលនាំឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។ សម្រាប់អ្នកលេងបណ្តាញសង្គមជាច្រើនផ្សេងទៀតដែលមិនមែនជាសិល្បករ និងអាជីវករក៏បានបង្កឲ្យមានសកម្មភាពមួយចំនួនដែលនាំឲ្យមានការរិះគន់ផងដែរ។ គេសង្ឃឹមដែរថាតាមរយៈការបង្កើតឲ្យមានក្រុម ក្រុមប្រឹក្សាពិន័យ និងលើកសរសើរនេះនឹងចូលរួមចំណែកលើកកម្ពស់ការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋទូទៅនិងជាការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋដែលមានសីលធម៌វប្បធម៌ប្រពៃណី និងសីលធម៌គួរជាទីគោរព៕ដោយ៖វឌ្ឍនា