ព័ត៌មានទាន់ហេតុការណ៍៖

ចាប់មេខ្លោងគ្រឿងញៀន ជាជនបរទេស ២នាក់ បានជិត ៦០ គីឡូក្រាម នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងតាមការបញ្ជាដឹកនាំដោយផ្ទាល់ របស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ ខាងកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការរដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីកែច្នៃ ជួញដូរសារធាតុញៀន ដោយខុសច្បាប់ ឃាត់ខ្លួនមេខ្លោងជាជនបរទេស២នាក់ ចាប់យកថ្នាំញៀនជិត៦០គីឡូក្រាម ដែលជាបទល្មើសទ្រង់ទ្រាយធំ។
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនេះ ធ្វើឡើងនៅវេលាម៉ោង១៤៖៤០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយកម្លាំងជំនាញ «ក១១» របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ និងមានការសំរបសំរួលពីលោកព្រះរាជអជ្ញារង សាយ ណូរ៉ា បានដំណើរការបង្ក្រាបករណីកែឆ្នៃ ជួញដូរគ្រឿងញៀន។

សមត្ថកិច្ចបានអោយដឹងថា៖ លទ្ធផលនៃការបង្ក្រាបករណីកែច្នៃគ្រឿងញៀនដ៏ធំនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់ មានឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន (ហុងកុង) កាន់លិខិតឆ្លង ដែនលេខ KJ06288571 និងឈ្មោះ THET THET HLAING ភេទស្រី ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746។
សម្រាប់វត្ថុតាងដែលដកហូតបានរួមមាន៖ សារធាតុញៀនអិចស្តាស៊ីប្រមាណ ១៤០,០០០គ្រាប់ មានទម្ងន់ជាង៥៧គីឡូក្រាម និងម៉ាស៊ីនកែឆ្នៃ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូន មកមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេតតាមចាប់មេខ្លោង និងអ្នកពាក់ព័ន្ធ បន្តទៀតាមនីតិវិធីជំនាញ ។
ប្រសិនបើគ្មានការស្រាវជ្រាវ បង្ក្រាបទាន់ពេលវេលា ការកែច្នៃសារជាតិញៀននេះ នឹងបន្តចែកចាយពេញរាជធានីភ្នំពេញ ។ ដូច្នេះសូមសមត្ថកិច្ចបន្តការស្រាវរកអោយឃើញ អ្នកនៅពីក្រោយខ្នង មិនមែនជនបរទេសព្រហើនដល់ថ្នាក់នេះទេ៕ដោយ៖សិលា


ចែករំលែក៖