ស្ថានភាពកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៣ខែឧសភា ២០២០
ពិភពលោកនៅមិនទាន់ឆ្លងផុតដំណាក់កាលគ្រោះថ្នាក់បង្កឡើងដោយកូវីដ-១៩ នៅឡើយទេ ដោយប្រទេសជាច្រើនមានអ្នកឆ្លងកើនឡើងខ្ពស់ជាបន្តបន្ទាប់ក្នុងនោះមានប្រទេសរុស្ស៊ីជាដើម។ ទិន្នន័យចុងក្រោយបំផុតបានបញ្ជាក់ថា មនុស្សឆ្លងកូវីដ-១៩ មកទល់ពេលនេះ សរុប ៣ ៤៨៤ ១៧៦ នាក់ ក្នុងនោះ បាត់បង់ជីវិត ២៤៤ ៧៧៨ នាក់ និង ១ ១២១ ៥៣៤ នាក់បានជាសះស្បើយ ។
អ្នកជំងឺកូវីដ-១៩បាត់បង់ជីវិតនៅលើទឹកដីអាម៉េរិក កើនហួស៦៧ ០០០ នាក់ ក្នុងចំណោមករណីដែលបានឆ្លងសរុប ១ ១៦០ ៧៧៤ នាក់ ។
អេស្ប៉ាញ មានអ្នកស្លាប់សរុប ២៥ ១០០នាក់ គិតមកត្រឹមយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ខណៈអុីតាលី, អង់គ្លេស និងបារាំង មានអ្នកជំងឺបាត់បង់ជីវិតកើនឡើងចន្លោះពី ២៤ ០០០នាក់ ទៅ ២៩ ០០០ នាក់ ។ កូវីដ-១៩ នៅក្នុងប្រទេសអុីតាលីបណ្តាលឲ្យស្លាប់កើនឡើងដល់ ២៨ ៧១០ នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ២០៩ ៣២៩ នាក់ ។
ការស្លាប់ដោយសារកូវីដ-១៩នៅអង់គ្លេសបានកើនឡើងដល់ ២៨ ១៣១ នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១៨២ ២៦០នាក់ ។ នៅបារាំងមានអ្នកឆ្លង ១៦៨ ៣៩៦នាក់ ក្នុងនោះបាត់បង់ជីវិត ២៤ ៧៦០ នាក់ ។នៅប្រទេសអុីរ៉ង់ ឆ្លងលើមនុស្សជាង ៩៦ ០០០ នាក់ ក្នុងនោះ បាត់បង់ជីវិតចំនួន ៦ ១៥៦នាក់ និង៧៧ ៣៥០ នាក់បានជាសះស្បើយ ៕ដោយ៖ធី រីណា