ខេត្តតាកែវ ៖ ទីបំផុតគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ បានប្រគេនព្រះវិន័យសំវរ និមន្ត ភិក្ខុ ឡុង ចន្ថា គង់ នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ឲ្យចូលមកដោះស្រាយ នៅសាលាគណខេត្តតាកែវ (វត្តភ្នំ ក្រុងដូនកែវ ខេត្តតាកែវ) ព្រោះភិក្ខុអង្គនេះ សង្ស័យជាប់ពាក់ព័ន្ធទាក់ទងជាមួយស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គម ជាហេតុដែលប្រាសចាកធម៌វិន័យរបស់ខ្លួន ធ្វើឲ្យធ្លាក់ចុះតម្លៃព្រះសង្ឃយ៉ាង ធ្ងន់ធ្ងរ។
យោងតាមប្រគេនព្រះវិន័យសំវរ សម្តេចសង្ឃនាយក នន្ទ ង៉ែត សូមប្រគេនព្រះ មេគណិជ្រាបថា ប៉ុន្មានថ្ងៃមកនេះព្រះ ពុទ្ធសាសនាទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារ ភិក្ខុ ឡុង ចន្ថា បានធ្វើទំនាក់ទំនងជាមួយស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គមដែលប្រាសចាកធម៌វិន័យរបស់ខ្លួន ធ្វើឲ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។
អាស្រ័យហេតុនេះ សូមព្រះមេគណ កោះនិមន្ត ភិក្ខុរូបនេះ មកធ្វើការដោះ ស្រាយបញ្ហានេះ នៅសាលាគណខេត្តជាបន្ទាន់ ក្នុងករណ៏ភិក្ខុរូបនេះ មិនព្រមចូលមកក្នុងសង្ឃសវនាការសាលាគណខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែលមានសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល បន្ទាប់មកធ្វើរបាយការណ៍មកគណៈ សង្ឃនាយក នឹងមានវិធានការបន្តទៀត ៕សហការី