ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបំពុលសង្គមទី៣ ត្រូវក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ហៅមកបំភ្លឺ

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃចុះ អនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក បុរសម្នាក់នេះ ជាមនុស្សទី៣ហើយ ត្រូវសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះ ហៅឲ្យចូលខ្លួន មកបំភ្លឺករណីផុសព័ត៌មានមិនពិត និងជេរប្រមាថ មើលងាយមកលើសមត្ថកិច្ចអនុវត្តច្បាប់ ក្នុងចេតនាទុចរិតបំពុលសង្គម។
ជនសង្ស័យមាន ឈ្មោះ ហែម ផល្លា ប្រើប្រាស់គណនីហ្វេសបុក ឈ្មោះ YVON HEM Phalla បានផុសព័ត៌មានជេរប្រមាថ មើលងាយយ៉ាងខ្លាំងមកលើសមត្ថកិច្ចអនុវត្តច្បាប់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ច ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

បុរសម្នាក់ឈ្មោះ ហែម ផល្លា បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីសួរនាំ ហើយគាត់ក៏បានទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។

សូមផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមសហការទប់ស្កាត់រាល់ព័ត៌មានមិនពិត ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តតាមច្បាប់ចំពោះបុគ្គលណាដែលផុសព័ត៌មានមិនពិត ជាពិសេសផុសព័ត៌មានដែលមានលក្ខណ:មើលងាយ និងជេរ ប្រមាថមកលើច្បាប់ និងសមត្ថកិច្ច ។ បើក្នុងករណីមិនរៀងចាល សមត្ថកិច្ចនិងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕សហការី


ចែករំលែក៖