ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ការស្លាប់ក្មេងទាំង៣នាក់ ក្នុងការដ្ឋានបូមខ្សាច់សុខ គាង អាជ្ញាធរ និងសមត្ថកិច្ចបន្តនីតិវិធី រកនូវកំហុសម្ចាស់ទីតាំង

ចែករំលែក៖

ភ្នំពេញ៖ ករណីក្មេងប្រុសស្រីចំនួន៣នាក់ បានលង់ទឹកស្លាប់ក្នុងដេប៉ូ បូមខ្សាច់សុខគាង អាជ្ញាធរ និងសមត្ថកិច្ចបន្តនីតិវិធី រកនូវកំហុសម្ចាស់ទីតាំង តើអនុវត្តតាមច្បាប់អនុញ្ញាត តាមបទដ្ឋានបច្ចេកទេស ឬមួយយ៉ាងណា ទើបបណ្តាលអោយក្មេងៗ មានទីលំនៅដ្ឋានជិតខាង ចូលទៅលេងទឹក លង់ស្លាប់ យ៉ាងរន្ធត់បែបនេះ។
លោក ពេជ្រ កែវមុន្នី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអះអាងប្រាប់អង្គភាព «នគរដ្រេហ្គន»តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ថា៖ ជុំវិញរឿងគ្រោះថ្នាក់បណ្តាលឱ្យក្មេង៣នាក់ លង់ទឹកស្លាប់នៅក្នុងការដ្ឋានបូមខ្សាច់ សុខ គាង ខ្ញុំកំពុងយកចិត្តទុកដាក់ចាត់ការក្នុងរឿងនេះ ។ ចំពោះមុខចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព និងបានអោយខាងមន្ត្រីនគរបាលជំនាញ ខាងកោសល្យវិច្ច័យ ពិនិត្យ និងជម្រុញអោយមន្ត្រីនគរបាលយុត្តិធម៍ ស្រាវជ្រាវក្នុងករណីនេះ។
លោក ពេជ្រ កែវមុន្នី បានបន្តថា៖ ដោយឡែកអាជ្ញាធរខណ្ឌ ក៏ត្រូវពិនិត្យជាក់ស្តែងទៅលើទីតាំងបូមខ្សាច់នោះ ថាតើម្ចាស់អាជីវកម្ម គាត់បានអនុវត្តតាមបទដ្ឋាន បច្ចេកទេស ច្បាប់អនុញ្ញាតឬយ៉ាងណា..! ដើម្បីមានវិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៨   ខែឧសភា  ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងទីតាំងការដ្ឋានបូមខ្សាច់ សុខ គាង ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈមានក្មេងប្រុស-ស្រី ៣នាក់លង់ទឹកស្លាប់ដោយអាណោច អាធម៌បំផុត។
បើតាមសម្តីឪពុក ក្មេងរងគ្រោះបានឱ្យដឹងថា៖ កូនរបស់គាត់ ២នាក់ គឺប្រុសម្នាក់ស្រីម្នាក់ បានស្លាប់ក្នុងហេតុការណ៍នេះ អាយុត្រឹម៤ និង៥ឆ្នាំ។ ដោយឡែកម្នាក់ទៀត ត្រូវជាក្មួយស្រី អាយុ៤ឆ្នាំ។
គាត់បានបន្តថា៖ នៅមុនពេលកេីតហេតុ នៅវេលាម៉ោង២រសៀល គាត់បានឱ្យកូនរបស់គាត់គេងនៅផ្ទះ ដែលមានទីតាំងជិត ទីតាំងប៉ូមខ្សាច់នោះ គាត់ក៏ដេកធម្មតាដែរ។ ក្រោយក្រោកពីដេក ក៏បាត់កូនៗ និងក្មួយ ព្យាយាមដើររកសព្វទិសទី តែរកមិនឃើញសោះ។ លុះរហូតមកដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃខែដដែល ទេីបប្អូនប្រុសគាត់មកមេីលនៅកន្លែងដេប៉ូបូមខ្សាច់ របស់លោកសុខគាង ដែលនៅជិតនិងផ្ទះនោះស្រាប់តែប្រទះឃេីញសពអណ្តែតទឹក បាត់ទៅហេីយ ទេីបបង្កការភ្ញាក់ផ្អេីលតែម្តងនិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
ទីតាំងបូមខ្សាច់របស់ឈ្មោះ សុខ គាង បានឆក់ជីវិតមនុស្សម្តងរួចមកហើយ ដោយសារម្ចាស់ទីតាំងធ្វេសប្រហែស លើការហ៊ុំព័ទ្ធការដ្ឋាន ស្របនឹងអាជ្ញាធរ សមត្ថកិច្ច ជំនាញធូរលុង ធ្វើការមានកម្រិត ទើបបន្តបណ្តាលបន្ត ការឆក់យកជីវិតក្មេងប្រុស-ស្រី ៣នាក់ទៀតនៅយប់ថ្ងៃទី៨ ខែឧសភា។
មន្ត្រីបានលើកឡើងថា៖ អាជ្ញាធរ ពិសេសមន្ត្រីនគរបាលយុត្តិធម៍មានសិទ្ធ ហៅ ឬឃាត់ខ្លួនច្បាស់ទីតាំងឈ្មោះ សុខ គាង មកសាកសួរតាមនីតិវិធី ហើយបើរកឃើញពិរុទ្ធពីការធ្វើអាជីវកម្មបូមខ្សាច់ មិនបានអនុវត្តតាមបទដ្ឋានបច្ចេកទេស បណ្តាលអោយឆក់ជីវិតមនុស្សញឹកញាប់ ច្រើនអ្នកបែបនេះ អាចកសាងសំណុំរឿងទៅតុលាការ ដើម្បីផ្តល់យុត្តិធម៍អោយក្រុមគ្រួសារសពក្មេងរងគ្រោះ មិនត្រូវមានទម្លាប់ត្រឹមដំណើរការនីតិវិធី ធ្វើកោសល្យវិច្ច័យ សន្និដ្ឋាន ការស្លាប់ រួចប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី មិនបន្តរកពីហេតុផល ដែលបណ្តាលអោយក្មេងស្លាប់នោះទេ៕សុខា សែនជ័យ


ចែករំលែក៖