ខេត្តកណ្តាល៖ កូនចុងចិត្តអប្រិយម្នាក់ បានយកកាំបិតផ្គាក់គំរាមកាប់សម្លាប់ឪពុក ត្រូវបានលោក អាត ចន្ទ័ដារា ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០បាន សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទគំរាមកំហែងថានិឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ដែលហេតុការណ៍ជនត្រូវចោទបានប្រព្រឹត្ត នៅភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីយប់ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០វេលាម៉ោង២១និង១៥នាទី ។
ដើមបណ្តឹងមានឈ្មោះ ផល្លី ពិសី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ តាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិករ (ត្រូវជាបងស្រ្តីជនសង្ស័យ) ។ ចំណែកជនត្រូវចោទឈ្មោះ ខន ជីវៈ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ តាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
នគរបាលបានឱ្យដឹងថា៖ ជនសង្ស័យបានជេរបញ្ចោរប្រមាថមើលងាយជនរងគ្រោះដែលជាឪពុកចុង ភ្លាមនោះឈ្មោះផល្លី ពិសិីបានសួរនាំទៅជនសង្ស័យហើយក៏ត្រូវជនសង្ស័យស្ទុះទៅវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ម្តាយក្មេកនិងយកកាំបិតផ្គាក់មករកកាប់ឪពុកចុងថែមទៀត តែបានអ្នកជិតខាងជួយឃាត់និងដកយកកាំបិតបាន។ បន្ទាប់មកជនរងគ្រោះ បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ ដេីម្បីយកជនសង្ស័យទៅធ្វើការអប់រំណែនាំ។ ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍បានធ្វើការអប់រំណែនាំរួចហើយបានឲ្យជនសង្ស័យត្រឡប់ទៅផ្ទះវិញ។ ពេលទៅដល់ផ្ទះវិញជនសង្ស័យ បានយកកាំបិតផ្គាក់ខាងលើពីអ្នកជិតខាង ហើយកាន់ដេីរទៅឈរមុខផ្ទះជនរងគ្រោះរួចស្រែកគំរាមថា អញនឹងសម្លាប់ចោលមួយគ្រួសារ។ ភ្លាមនោះជនរងគ្រោះបានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍អំពៅព្រៃ។ដោយ៖ឆ ដា