ខេត្តបន្ទាយមានជ័យ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងពីគ្នា គឺ
មួយករណីនៅស្រុកភ្នំស្រុក និងមួយករណីទៀតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលជំនាញឱ្យដឹងថា ករណីទី១កើតឡើងដោយសារតែការបើកបរមិនប្រកាន់ស្តាំកាលពីរសៀលម៉ោង២និង៣០នាទីថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវលំចម្ងាយ៣០០ម៉ែត្រខាងលិចប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី ស្ថិតក្នុងភូមិភ្នំដី ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រវាងម៉ូតូនឹងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។
មន្ត្រីនគរបាលដដែលបញ្ជាក់ថា ដំបូងមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1F-5218បើកបរដោយឈ្មោះ ចាន់ ដាច់ ភេទប្រុស អាយុ ២៧ឆ្នាំរស់ នៅកន្លែងកើតហេតុបើកក្នុងទិសដៅពីកើតទៅលិច(មិនពាក់មួកសុវត្ថិភាព) ពេលទៅដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាកឃ្លីកស៊េរីឆ្នាំ២០១៩ ពណ៌ ស-ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AE-5928 បើកបរដោយឈ្មោះ រំ ថារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំនៅភូមិមាត់ស្រះ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យដែលបើកបរមកពីទិសខាងលិចទៅទិសខាងកើត(ពាក់មួកសុវត្ថិភាព )ធ្វើឱ្យអ្នកបើកបរម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់បាក់ថ្គាម ចំណែកអ្នកបើកបរម៉ូតូឃ្លីករបួសស្រាល។
ប្រភពដដែលបន្តថា ករណីទី២ដោយសារតែការបើកបរប្តូរគន្លងទិសមិនបានប្រយ័ត្ន នៅវេលាម៉ោង៧និង១០នាទីថ្ងៃទី០៩ខែឧសភាឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៩នៅចំណុចភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ រវាងម៉ូតូនិឹងម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាលម្នាក់ ។
មន្ត្រីនគរបាលស្រុកម៉ាឡៃឲ្យដឹងថា៖មុនដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1B.7831បើកបរដោយឈ្មោះចេង ចែម ភេទប្រុស អាយុ៥៣ឆ្នាំ(គ្មានមួកសុវត្ថិភាព)រស់នៅភូមិជ្រៃ ឃុំបឹងបេងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបើកក្នុងទិសដៅពីត្បូងទៅជើងរួចគាត់ក៏បានប្តូរគន្លងបត់មកឆ្វេងដៃដោយមិនបានប្រុងប្រយ័ត្ន ស្របពេលនោះមានម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ក្រហមពាក់ស្លាកលេខ បាត់ដំបង1E.7935បើកបរដោយឈ្មោះសុខ អេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងក្នុងទិសដៅផ្ទុយគ្នាពីជើងទៅត្បូង បានជ្រុលទៅបុកបណ្តាលឱ្យមានគ្រោះថ្នាក់ឈ្មោះចេង ចែម រងរបួសផ្នែកក្បាលធ្ងន់និងឈ្មោះសុខ អេង រលាតដៃរបួសស្រាល ។
ចំពោះវត្ថុតាងទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនេះ នគរបាលជំនាញបានយកមករក្សាទុក រងចាំធ្វើការដោះស្រាយ៕ ដោយ៖វណ្ណា