ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកម៉ូតូ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង) បណ្ដាលឲ្ស្លាប់០១នាក់(ប្រុស) ខូចខាតម៉ូតូ០១គ្រឿង រថយន្ដ០១គ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៣៥នាទី ថ្ងៃសៅរ៍៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយូវ ក្នុងភូមិត្រពាំងវែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកសាំយ៉ុង ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ2A-2941 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនពីកន្លែងកើតហេតុបាត់)។ ម៉ូតូម៉ាកSuzuki Smash Revo ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល1-5138 បើកបរដោយឈ្មោះ អ៊ុក បូរ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ស្រយូវ នៃអធិការដ្នាននគរបាលក្រុងស្ទឹងសែន) ស្លាប់តាមផ្លូវពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ(ពាក់មួកសុវត្ថិភាព)។
មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ ចំណែកអ្នកបើកបររថយន្ដបើកបរមានល្បឿនលឿន ហើយក្រោយពីវាស់វែងរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយូវរង់ចាំការដោះស្រាយគ្នាតាមច្បាប់៕ប៊ុនរិទ្ធី