ព័ត៌មានទាន់ហេតុការណ៍៖

ត្រឡាចជួយចូលរួមចំណែកដោះស្រាយជីវភាពគ្រួសារបានមួយកម្រិតដែរ

ចែករំលែក៖

ខេត្តព្រៃវែង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការដាំដុះបន្លែចិញ្ចឹមសត្វដើម្បីផ្តត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងនោះប្រជាកសិករក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែងបាននាំគ្នាងាកមកដាំបន្លែត្រឡាច ជំនួសពីការធ្វើស្រែ ខណៈដែលទីផ្សារក្នុងស្រុកបច្ចុប្បន្នកំពុងតែមានតម្រូវការខ្លាំង។ កសិករជាច្រើនគ្រួសារនៅតាមមូលដ្ឋាននៃខេត្តព្រៃវែងបាននិងកំពុងមមាញឹកដាំដំណាំបន្ទាប់បន្សំដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃនិងផ្គត់ផ្គង់គ្រួសារ។

លោក សារឹម ប្រជាកសិករ និងជាម្ចាស់ចម្ការត្រឡាច រស់នៅក្នុងភូមិបឹងស្នោ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឲ្យដឹងថា ដំបូងឡើយលោកធ្វើស្រែតែមួយមុខគត់នៅលើផ្ទៃដីជាង ១០ ហិកតា ក្នុងនោះដីស្រែ ៨០ភាគរយ គឺជាដីដែលលោកជួលគេ ដោយធ្វើមួយឆ្នាំបាន ៣ដង ព្រោះដីដែលលោកធ្វើស្រែនៅជាប់នឹងប្រឡាយទឹក។

លោកបានបន្តថា ក្រៅពីធ្វើស្រែ លោកបានឆ្លៀតដាំបន្លែសរីរាង្គ បន្តិចបន្តួចជាលក្ខណៈគ្រួសារទុកហូបខ្លួនឯង នៅដីជុំវិញផ្ទះតែប៉ុណ្ណោះ។ ក្រោយមក ដោយសារតែទទួលបានផលល្អលើសពីការហូបចុក លោកក៏បានយកបន្លែខ្លះទៅលក់នៅឯផ្សារក្បែរផ្ទះ។ លុះក្រោយមក ទៀតលោកក៏ទទួលបានការបញ្ជាទិញបន្លែមួយចំនួនពីអ្នកលក់បន្លែនៅផ្សារផងដែរ។

ម្ចាស់ចម្ការត្រឡាចរូបនេះ បានបញ្ជាក់ថា បន្ទាប់មកលោកក៏បានសាកល្បងដាំបន្លែត្រឡាចលើផ្ទៃដីចំនួន ២ហិកតា នៅដើមខែកុម្ភៈ ឆ្នាំ២០២០នេះ។ បច្ចុប្បន្ន អាចប្រមូលផលពីផ្លែត្រឡាចក្នុងមួយថ្ងៃបានជាង ២០០គីឡូក្រាម ដោយត្រឡាចអាចលក់បាន ១៤០០រៀល ទៅ១៥០០រៀល ក្នុងមួយគីឡូក្រាម។ ជាលទ្ធផល លោកអាចទទួលផលកម្រៃពីការដាំត្រឡាចជារៀងរាល់ថ្ងៃ ដែលលើសពីការធ្វើស្រែ។

លោក សារឹម បានបញ្ជាក់ទៀតថា មូលហេតុដែលលោកជ្រើសរើសបន្លែត្រឡាចយកមកដាំ ព្រោះវាងាយស្រួលដាំ និងងាយស្រួលមើលថែ ថែមទាំងទទួលផលបានលឿន គឺត្រឹមតែរយៈពេល ៤៥ថ្ងៃ អាចប្រមូលផលពីត្រឡាចជារៀងរាល់ថ្ងៃ ហើយការការដាំត្រឡាចគឺវាមិនលំបាកទេ គឺគ្រាន់តែរកដីដែលជាតំបន់ខ្ពស់មិនលិចទឹកភ្លៀង ធ្វើស្មៅ លើករងដីឲ្យបានខ្ពស់ ប្រើជីកំប៉ុសលាមកទា ឬលាមកគោ ជាពិសេសគឺត្រូវរកពូជត្រឡាចល្អយកមកដាំ។

លោកបានបញ្ជាក់ថា ការដាំបន្លែបន្ទាប់បន្សំនេះបានរួមចំណែកដោះស្រាយជីវភាពក្រុមគ្រួសាររបស់លោកឱ្យបានល្អប្រសើរមួយកម្រិតនិងជៀសវាងការនៅទំនេរឥតប្រយោជន៍។ ឆ្នាំក្រោយលោកគ្រោងពង្រីកការដាំដុះឱ្យច្រើនជាងនេះថែមទៀត។

គួរបញ្ជាក់ថា អំឡុងពេលនៃការរីករាលដាលវីរុសកូវីដ-១៩ ទូទាំងសាកលលោកនេះធ្វើឲ្យប្រទេសនានា មានតម្រូវការស្បៀងអាហារខ្លាំងនៅក្នុងស្រុក មិនថាតែកម្ពុជាយើងនោះទេ៕ដោយ៖ហេង  សូរិយា

 


ចែករំលែក៖