ខេត្តពោធិ៍សាត់៖ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីតំណាងក្រុមហ៊ុនភាពីមុិចគ្រុបព្រមទាំងបទបញ្ជាពីអភិបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ផងនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ បានចុះបង្រ្កាបរថយន្តនិងគ្រឿងចក្រកាយដីយកមកបន្តនីតិវិធី ខណៈដែលមានការសង្ស័យថាជីកកាយ.ដឹកជញ្ជូនអាចម៍ដីគ្មានលិខិតអនុញ្ញាត ។
ករណីបង្រ្កាបឃាត់ចាប់រថយន្ត និងគ្រឿងចក្រខាងលើ ធ្វើឡើងនៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភ្នំសម្បុកមាន់(ភ្នំកាច់កង់) ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកក្រគរបានឱ្យដឹងថា វត្ថុតាងដែលដកហូតរួមទាំងតៃកុងរថយន្ត និងម្ចាស់ទី១ ឈ្មោះ ផេង សុខភឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោងទី៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ជាតៃកុងរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ទ្រុងខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 3B-6326, ទី២ ឈ្មោះ ធី ធារិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ជាតៃកុងរថយន្តម៉ាក ឌីវូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B -7586 និងទី៣ ឈ្មោះ ឌី គឹមសៀ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរាំងស្ករ ឃុំរាំងត្រយង ស្រុកពាមជរ ខេត្តព្រៃវែង ជាតៃកុងគ្រឿងចក្រ(អាអិុច)ម៉ាក 320C ពណ៌សលាយលឿង ។
របាយការណ៍នគរបាលស្រុកដដែលបន្តទៀតថា វត្ថុតាងរថយន្ត និងគ្រឿងចក្រត្រូវបានរក្សាទុកជាបណ្ដោះអាសន្ន នៅផ្ទះរបស់ឈ្មោះ ញ៉ន ចន្ទី ហៅហុង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ជាប្រជាការពារភូមិ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រង់ចាំទទួលបទបញ្ជាដើម្បីបន្តនីតិវិធី ៕
ដោយ៖ បុឹម ពិន