ខេត្តកំពត៖ លោក ថម ជាជនជាតិអាមេរិកាំង ដែលត្រូវបានប្អូនធម៌ គឺ លោក អ៊ុក បញ្ញា និង ភរិយា បន្លំយកដី តែក្រោយមកបានប្រគល់ដីជូន៦ប្លង់វិញ នោះ ធ្វើឱ្យប្រជាពលរដ្ឋសម្តែងជាចម្ងល់ថា «តើលោក អ៊ុក បញ្ញា និង ភរិយា អាចប្រឈមមុខនឹងផ្លូវច្បាប់ដែរឬទេ?» ។
ដើម្បីស្រាយចម្ងល់នេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នេះ ថា ករណីនេះ គឺ បញ្ចប់ដោយសន្តិវិធី ពោលគឺឈ្នះ=ឈ្នះទាំងអស់គ្នា ដោយលោក អ៊ុក បញ្ញា និង ភរិយា មិនប្រឈមមុខផ្លូវច្បាប់ទេ ព្រោះបានប្រគល់ដីជូនលោក ថម វិញ ដោយស្ម័គ្រចិត្ត ។
លោកអភិបាលខេត្តកំពត អះអាងថា ករណីនេះ ដោយសារលោក អ៊ុក បញ្ញា និង ភរិយា ព្រមប្រគល់ដីវិញដោយស្ម័គ្រចិត្ត ទើបរឿងនេះបញ្ចប់ទៅ ដោយនយោបាយឈ្នះឈ្នះទាំងអស់គ្នា ។
សូមបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យលោក អ៊ុក បញ្ញា និង ភរិយា ព្រមប្រគល់ដីជូនលោក ថម វិញ ដោយស្ម័គ្រចិត្ត បែបនេះ គឺបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចេញផ្សាយរឿងនេះ រហូតមានអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យលោក ជាវ តាយ អភិបាលខេត្តកំពត ដោះស្រាយបញ្ហានេះជាបន្ទាន់ ៕ដោយ៖ចេស្ដា