ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល និងផ្លាស់ប្តូរមុខតំណែងនាយិការទីចាត់ការហិរញ្ញវត្ថុខេត្តកណ្តាល

ចែករំលែក៖

កណ្ដាល៖ បញ្ហាប្រឈម មួយចំនួនរបស់ខេត្ត  និងបញ្ហាប្រឈម មួយចំនួនទៀតរបស់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ធ្វើការសម្របសម្រួល និងធ្វើការដោះស្រាយ នាព្រឹកថ្ងៃ១១ ខែឧសភា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំ គណៈអភិបាល ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម លោក អភិបាលរងខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងទីចាត់ការ ទាំងអស់របស់ខេត្ត។

ពាក់ព័ន្ធបញ្ហាប្រឈមនេះ មានការស្នើសុំអោយមន្ទីរមួយចំនួនដែលមិនទាន់បានផ្ដល់សេវានានាចូលអង្គភាពច្រកចេញ-ចូលតែមួយខេត្ត ពាក់ព័ន្ធបញ្ហានេះ លោក អភិបាលខេត្ត បានស្នើឱ្យមន្ទីរដែលមិនទាន់បានផ្ដល់សេវាត្រូវផ្ដល់អោយ អង្គភាពច្រកចេញ-ចូលតែមួយខេត្ត ហើយមន្ទីរទាំងអស់ត្រូវឈប់ទទួលពាក្យស្នើសុំ ដោយទុកជូនអង្គភាពច្រកចេញ-ចូលតែមួយ។

ការលើកឡើងរបស់ផែនការវិនិយោគខេត្ត សមត្ថភាពមន្ត្រីនៅថ្នាក់ក្រុង ស្រុក នៅមានកំរិត និងខ្វះមន្ត្រីបច្ចេកទ្ទេស ពាក់ព័ន្ធបញ្ហានេះលោកអភិបាលខេត្ត បានស្នើឱ្យមន្ទីរផែនការ និងទីចាត់ការផែនការវិនិយោគ ត្រូវធ្វើការបណ្ដុះបណ្ដាលទៅលើមន្ត្រីជំនាញ នៅតាមក្រុង ស្រុក ទាំងអស់។ ហើយបញ្ហាប្រឈមដែលបណ្ដា មន្ទីរជំនាញជុំវិញខេត្ត បានលើកឡើង ពាក់ព័ន្ធទៅនឹងជំនាញ ឯកឧត្ដមអភិបាលខេត្ត បានអោយមន្ទីរសាមី ត្រូវធ្វើការដោះស្រាយ ហើយក្នុងករណីត្រូវការខេត្ត ឬអង្គភាពដទៃចូលរួម សូមរាយការណ៍ និងលើកជាសំណើមកខេត្ត ដើម្បីអោយខេត្តដោះស្រាយជូន។

ក្នុងកិច្ចប្រជុំនេះដែរ បានប្រកាសចូលកាន់មុខតំណែងនាយិការទីចាត់ការហិរញ្ញវត្ថុខេត្ត លោកស្រី ចេង ចាន់ផល្លា កាយិការទីចាត់ការហិរញ្ញវត្ថុខេត្ត ជំនួសលោកស្រី ង៉ូវ មួយគា តាមដីការបស់ខេត្តលេខ ០១៧ ចុះ០៤ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានជីវភាពខ្វះខាត នៅក្នុងមូលដ្ឋាន ដោយជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួនតាមលទ្ធភាពរបស់ខ្លួន។

ក្នុងនោះដែរលោកអភិបាលខេត្ត បានអំពាវនាវ លោក លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជននានា សូមចូលរួមជាមួយការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមប្រធាបទ «ខ្ញុំ ស្រលាញ់ សន្តិភាព និងកាកបាទក្រហមកម្ពុជា»។ ឆ ដា


ចែករំលែក៖