ខេត្តពោធិ៍សាត់៖ ទីបំផុតលោកចៅក្រមសើុបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឃុំខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្មលើកុមារី អាយុ ៧ឆ្នាំ។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន លេខ៣០៨ យ.ខ/២០ និងលេខ៣០៦ យ.យ.ខ/២០ ចុះថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ចេញដោយចៅក្រមសើុបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។
ការចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្នលេខ៣០៨ នេះធ្វើឡើងដើម្បីធានាការសើុបអង្កេតឲ្យបានល្អដោយបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ធី សៀង ហៅសាង ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើត ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មុខរបរ អ្នកនេសាទ នៅលីវ ឪពុកឈ្មោះ អឿន ធី ម្ដាយឈ្មោះ ចៀន ភួន ។ ជននេះត្រូវដាក់នៅក្រោមការពិនិត្យពីបទៈ ឃាតកម្ម ប្រព្រឹត្តនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ក្នុង បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញតិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ សម្រេចៈ បញ្ជាឲ្យភ្នាក់ងារមានសមត្តកិច្ច នៃកម្លាំងសាធារណៈនាំជនត្រូវចោទដែលមានដូចខាងលើទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ខេត្តពោធិ៍សាត់ បង្គាប់មកលោកប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ឲ្យទទួលយកជនត្រូវចោទមានឈ្មោះ ធី សៀង ហៅសាង ភេទប្រុស អាយុ ២១ឆ្នាំ(អត្តសញ្ញាណដូចខាងលើ) និងឃុំខ្លួនជននេះរហូតដល់មានដីកាសម្រេចផ្សេងពីនេះ ។ ដោយឡែកដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្នមួយទៀតលេខ៣០៦ ដែលមានខ្លឹមសារប្រហាក់ប្រហែងគ្នានឹងដីកាលេខ(៣០៨)ខាងលើនោះដែរ សម្រេច ឃុំខ្លួនឈ្មោះ អោម ហាន ឬសេងហាន ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើត ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ជន សុភ័ស ឪពុកឈ្មោះ អោម ហាក់ ម្ដាយឈ្មោះ ព្រំ ឈឹម រហូតដល់មានដីកាសម្រេចផ្សេងពីនេះដូចគ្នា ។
ពាក់ព័ន្ធករណីឃាតកម្មខាងលើលោក ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដែលបានចុះសុើបអង្កេតជាមួយអង្គភាពការពារកុមារា(CPU)ផ្ទាល់បានប្រាប់អ្នកកាសែត(នគរវត្ត)ដែរថា ជនទាំង ២នាក់ដែលបានឃុំខ្លួនបានឆ្លើយដាក់គ្នាទៅវិញទៅមក ប៉ុន្តែពុំបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចនោះទេ។ ប៉ុន្តែយោងតាមការស្រាវជ្រាវ ពិនិត្យ និងបើកការសុើបអង្កេតយ៉ាងហ្មត់ចត់នាកន្លងមកនេះ ឃើញថាឈ្មោះ ធី សៀង ហៅសាង ត្រូវបានកុមារី អាយុ ៨ឆ្នាំម្នាក់ អមដោយម្ដាយរបស់នាងដែលត្រូវជាក្មួយរបស់ជនត្រូវចោទ(ធី សៀង ហៅសាង)ផងនោះ បានឃើញអំពីហេតុការណ៍ និងចង្អុលបង្ហាញទីតាំងពូ(សៀង)ហក់ទៅច្របាច់.ក(កុមារីរងគ្រោះ)ស្លាកស្នាមលើខ្លួនប្រាណកុមារីរងគ្រោះ(រ៉ង ស្រីពេជ្រ) អាយុ ៧ឆ្នាំ ជាំដើមទ្រូង បាក់ថ្គាមខាងឆ្វេង បាក់ក ទ្រុឌក្បាល យកខោរុំមាត់ច្រមុះនិងយកការុងរុំពីលើបន្ថែម។ ករណីនេះគេអាចសន្និដ្ឋានថាអាចជនសង្ស័យច្របាច់និងខ្វេះ.ក យកជង្គង់សង្កត់លើដើមទ្រូងហើយ ក្បាលវាយដោយវត្ថុរឹង ។ លោក បន្តថា នៅផ្ទះជនសង្ស័យ(ធី សៀង ហៅសាង) រកឃើញស្នាប់ដៃចំនួន ២ មានមុខស្រួច និងមុខទាល។ ក្រោមកិច្ចសហការ និងការសន្និដ្ឋានការប្រើប្រាស់ស្នាប់ដៃ នៃស្លាកស្នាមរបួសអាចទទួលយកបានជាភស្តុតាង៨០%ដែលប្រព្រឹតមកលើកុមារីរងគ្រោះ(រ៉ង ស្រីពេជ្រ)មានពាក់ខ្សែកផ្លាទីន ១ជី និងក្រវិលមាស ៥ហ៊ុន។ ចំពោះជនសង្ស័យឈ្មោះ អោម ហាន ឬសេងហាន ជាមុខសញ្ញាចែកចាយគ្រឿងញៀន។ ប៉ុន្តែទោះជាយ៉ាងណាមិញអ្នកទាំងពីរកំពុងឆ្លើយដាក់បន្ទុកនៃបទល្មើសដាក់គ្នាទៅវិញទៅមក ៕ ដោយ៖ បុឹម ពិន