ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចរថយន្តបានមួយសន្ទុះយកទៅប្លុងចោលខាងក្រោយផ្សារឯករាជ្យ១

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរថយន្តរបស់គេ១គ្រឿងយកទៅប្លុងចោលមួយសន្ទុះ ក៏ត្រូវសមត្ថកិច្ចល្បាតរកឃើញវិញ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវលំភូមិខាងក្រោយផ្សារឯករាជ្យ១ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តរងគ្រោះឈ្មោះ កាន គឹមទី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់គុយទាវ រស់នៅក្នុងបុរីឡុងនី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែករថយន្តដែលជនសង្ស័យលួចម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-7217។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា រថយន្តរបស់គាត់ បានទុកនៅមុខផ្ទះត្រូវជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់ តែគាត់មិនទាន់បានទៅដាក់ពាក្យបណ្ដឹងភ្លាមៗនោះទេ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ បានឲ្យដឹងថា នៅមុនកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានចេញល្បាតនៅក្នុងមូលដ្ឋានកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញរថយន្តមួយគ្រឿងទុកនៅកៀនព្រៃជិតរបងរោងចក្រមួយកន្លែង ខាងក្រោយផ្សារឯករាជ្យ១ ដោយឃើញក្នុងរថយន្តមានភ្លើងពិលទូរស័ព្ទប្លុងៗ ក៏ចុះទៅមើលរថយន្តហើយក៏ឃើញជនសង្ស័យ២នាក់ បានរត់ចេញពីរថយន្ត ធ្វើឲ្យមានការសង្ស័យ ទើបដើរមកក្បែររថយន្ត ឃើញសម្ភារមួយចំនួន ដូចជាអត្តសញ្ញាណប័ណ្ណនិងកាតធនាគារនៅក្រោមរថយន្ត។

នៅក្នុងរថយន្តត្រូវបានជនសង្ស័យរើ កកាយទើបដឹងថារថយន្ដនេះត្រូវជនសង្ស័យលួចយកមកប្តូរស្លាកលេខ ព្រោះឃើញស្លាករថយន្ដនៅជាប់រថយន្ដពាក់ស្លាកលេខ ភ្នំពេញ 2BD-9025 ចំណែកឯបណ្ណឆៀកជាប់រថយន្ដ ពាក់ស្លាកលេខ ភ្នំពេញ 2R-7217។

ភ្លាមៗនោះ ក៏មានក្រុមអ្នកសារព័ត៌មានឡាយស្រាប់តែជនរងគ្រោះឃើញរថយន្តខ្លួន ក៏បានមកមើល ទើបដឹងថាជារថយន្តរបស់គាត់ពិតប្រាកដមែន។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ បានយករថយន្តទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលចោមចៅទី១សិន រង់ចាំម្ចាស់រថយន្តយកឯកសារសម្គាល់រថយន្តមកបង្ហាញ ទើបសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ៕ជ្រោយពេជ្រ


ចែករំលែក៖