ខេត្តប៉ៃលិន ៖ អាជីវករលក់បន្លែ ត្រី សាច់ជាច្រើនបានប្រតិកម្មទៅនឹងម្ចាស់ផ្សារប៉ាហ៊ីជើងដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណ:ដែលម្ចាស់ផ្សារជួលតូបក្នុងតម្លៃខ្ពស់ ។ ម្យ៉ាងដោយសារស្ងាត់ម៉ូយលក់ដូរអត់សូវដាច់ពួកគាត់ស្នើសុំឱ្យអាជ្ញាធរក្រុង និងខេត្តជួយសម្រួលដល់ម្ចាស់ផ្សារ ដោយធ្វើយ៉ាងណាឱ្យគាត់បញ្ចុះតម្លៃដូចកាលពីដំបូង វិញ។
ប្រតិកម្មរបស់អាជីវករផ្សារប៉ាហ៊ីជើងបែបនេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។
ប្រភពព័ត៌មានពីអាជីវករ ឈ្មោះ ឆាយ ហាក់ ភេទស្រី អាយុ៤៧ឆ្នាំ ជាអ្នកលក់បបរបានឲ្យដឹងថាតូបរបស់គាត់ក៏ដូចអ្នកដទៃមានប្រវែង២ម៉ែត្របួនជ្រុង បង់ឲ្យម្ចាស់ផ្សារ១ខែ ចំនួន១០ម៉ឺនរៀល។ ការបង់ថ្លៃតូបនេះពិតជាមានតម្លៃខ្ពស់ ខណ:ពួកគាត់លក់ដូរតែ១ព្រឹកប៉ុណ្ណោះ ហើយការលក់ដូរទៀតសោតអត់សូវមានម៉ូយចូលទិញបន្លែ ត្រីសាច់នោះទេ ពោលគឺតាំងពីកើតមានបញ្ហាជំងឺកូវីដ-១៩មកម៉្លេះគឺអត់សូវមានម៉ូយចូលទិញបន្លែរបស់ខ្លួនឡើយ។
ពួកគាត់បន្តទៀតថា បើម្ចាស់ផ្សារយកថ្លៃតូបខ្ពស់បែបនេះ ពួកគាត់ពិតជាមិនអាចរកប្រាក់សម្រាប់បង់ថ្លៃតូបបានទាន់ពេលវេលានោះឡើយ ព្រោះការលក់ដូរក្នុង១ថ្ងៃៗ ជួនកាលបានប្រាក់ត្រឹមតែ២០.០០០រៀលទៅ៣០.០០០រៀលប៉ុណ្ណោះ ណាមួយបង់ថ្លៃភាស៊ី រួចហើយម្ចាស់ផ្សារដើរយកប្រាក់ក្នុង១តូប២០.០០០រៀលបន្ថែមទៀត ។ ឯអ្នកខ្លះលើកឡើងថា ខ្លួនបានជួលតូបឱ្យទៅអ្នកផ្សេង បែរជាម្ចាស់ផ្សារទៅទារលុយថ្លៃតូបដែលជួលនោះពីលើបន្ថែមទៀត ជាហេតុធ្វើឱ្យបង់ត្រួតគ្នា អស់ប្រាក់ចំនួន២ដងទៅវិញ ។ ពួកគាត់សំណូមពរឱ្យអាជ្ញាធរក្រុង ក៏ដូចជាអភិបាលខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល មេត្តាជួយសម្របសម្រួលបញ្ហាថ្លៃតូបដែលខ្ពស់បែបនេះឱ្យចុះតម្លៃដូចអ្វីដែលម្ចាស់ផ្សារមុនបានកំណត់ ។
ចំណែកលោក រស់ លីអូន អាយុ៤៥ឆ្នាំ ជាអ្នកទារភាស៊ីផ្សារប៉ាហ៊ីជើងខាងលើ និងជាអតីតម្ចាស់ផ្សារ និយាយថាកាលលោកនៅគ្រប់គ្រងផ្សារនេះមិនមានដំឡើងថ្លៃតូបខ្ពស់បែបនេះទេ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះស្ត្រីមេម៉ាយជា ម្ចាស់ផ្សារឈ្មោះ គង់ វណ្ណា ហៅមួង អាយុ៤០ឆ្នាំ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងនាមគាត់ជាម្ចាស់ផ្សារ គឺមិនបានដំឡើងថ្លៃតូបនោះឡើយ។
ប្រភពបន្តទៀតថា ចំពោះការទារលុយពីអ្នកលក់ដូរចំនួន២.០០០រៀល បើសិនជាម្ចាស់តូបមកលក់ដូរ គឺគាត់អត់យកប្រាក់នោះឡើយ បើម្ចាស់អត់មកអ្នកផ្សេងលក់ជំនួស ទើបគាត់ទារឱ្យបង់ក្នុងតម្លៃ៣.០០០ទៅ៥.០០០រៀល មួយថ្ងៃ។
ករណីនេះដែរ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានឱ្យដឹងថា ការកំណត់តម្លៃតូបគឺខាងក្រុងធ្លាប់ហៅអាជីវករ និងម្ចាស់ផ្សារ ទៅសម្របសម្រួលគ្នាម្តងរួចមកហើយ ដោយព្រមទទួលយកតាមការកំណត់រៀងៗខ្លួនមិនឱ្យម្ចាស់ផ្សារមានការឡើងថ្លៃតូបតាមចិត្តនោះឡើយ ។
លោកបន្តទៀតថា បើសិនជាអាជីវករលើកឡើងបែបនេះថា ម្ចាស់ផ្សារបានដំឡើងថ្លៃតូបមែន ខាងលោកនឹងហៅភាគីទាំង២ឱ្យទៅចរចាគ្នា ដើម្បីតទល់គ្នានៅពេលឆាប់ៗនេះ៕
ដោយ÷ ស សារ៉េត