ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៤ឧសភា ឆ្នំា២០២០នេះ កម្លាំងនគរបាលក្រុងសៀមរាបបានកសាងសំណុំរឿងជនសង្ស័យម្នាក់បញ្ជូនទៅតុលាការក្នុងករណីឆក់ទូរស័ព្ទពីអ្នកជិះកង់ហាត់ប្រាណម្នាក់នាព្រលប់ថ្ងៃទី១៣ ខែឧសភា នៅចំណុចជិតកន្លែងឆែកសំបុត្រ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ហើយត្រូវបានសមត្ថកិច្ច្ចចាប់បាន។។
មន្រ្តីនគរបាលក្រុងសៀមរាប បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ផេង ប៊ុនឡុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំ-ស្រុកពួក ខេត្តសៀមរាប ។ខណ:ជនរងគ្រោះរូបនេះកំពុងជិះកង់ហាត់ប្រាណស្រាប់តែជនសង្ស័យឈ្មោះ ភិន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងគំនូរ ស្នាក់នៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបបានមកឆក់ទូរស័ព្ទរបស់គាត់មួយគ្រឿងម៉ាក iPhone Xs mak ពីក្នុងហោប៉ៅអាវបានសម្រេច។
ប្រភពដដែលបានឲ្យដឹងទៀតថា ភ្លាមនោះជនរងគ្រោះស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចឈរជើងក្បែរនោះចេញទៅធ្វើអន្តរាគមន៍តាមក្របួចជនសង្ស័យបាននិងរឹបអូសទូរស័ព្ទប្រគល់ឲ្យជនរងគ្រោះវិញ។ចំណែកជនសង្ស័យត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី៕
ដោយ÷ប្រាថ្នា