ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីរូបណាធ្វើខុសពីការណែនាំរបស់ថ្នាក់ដឹកនាំ ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ គឺមិនត្រូវបានលើកលែងឡើយ នឹងត្រូវដាក់វិន័យ និងអនុវត្តតាមនីតិវិធីច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជួបជាមួយមន្ត្រីនៃការិយាល័យចរាចរណ៍ និងមន្ត្រីចរាចរណ៍តាមបណ្តាអធិការខណ្ឌទាំង១៤ ដែលមានមន្ត្រីចូលរួមសរុបចំនួន ៧២៨នាក់ ( បែកចែកជា វេន ផ្សេងគ្នា ) ដើម្បីផ្សព្វផ្សាយការប្រជុំដកពិសោធន៍នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ

ក្នុងឱកាសនោះដែរលោកស្នងការនគរបាលរាជធានីភ្នំពេញ បានកោតសរសើរដល់កម្លាំងទាំងអស់ដែលបានខិតខំទាំងយប់ថ្ងៃក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ  ជាលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍រយ:ពេល ១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះចរាចរណ៍បានរហូតដល់៤០% ជាពិសេសធ្វើឲ្យអ្នកបើកបរភាគច្រើនបានចូលរួមគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់  គោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍

ម្យ៉ាងវិញទៀតលោកស្នងការ បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវតែមានការអត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា និងសំដីសមរម្យជាមួយប្រជាពលរដ្ឋ

ក្នុងឱកាសនោះដែរលោក ថេត បានសង្កត់ធ្ងន់ថា ក្នុងពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ បើមន្ត្រីណាប្រព្រឹត្តិខុសពីការណែនាំរបស់ថ្នាក់ដឹកនាំ មន្ត្រីនោះនឹងត្រូវដាក់ពិន័យ ក៏ដូចជាការអនុវត្តតាមវិន័យកងកម្លាំង ជាពិសេសលោក បានបញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីទាំងអស់ត្រូវតែធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៍ ត្រូវតែពាក់មួកសុវត្ថិភាព មានស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ និងកុំនិយាយទូរស័ព្ទពេលបើកបរ ( អាចនិយាយបានដោយប្រើកាស )

ជាកិច្ចបញ្ចប់លោកស្នងការ បានណែនាំដល់មន្ត្រីទាំងអស់ត្រូវតែប្រុងប្រយ័ត្នក្នុងការថែទាំសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលវីរុសកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ៕ដោយ៖ស តារា


ចែករំលែក៖