អុីស្រាអែល៖កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះរវាងគណបក្ស Likud របស់លោកនាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ និងគណបក្ស ខៀវ ស របស់លោក Benny Gantz គឺគណបក្ស ទាំងពីរនឹងបែងចែកអំណាចគ្នា ដើម្បីដឹកនាំរដ្ឋាភិបាល។
តាមគម្រោងរដ្ឋាភិបាលថ្មីនឹងចូលកាន់តំណែងនៅយប់ថ្ងៃទី១៤ខែឧសភានេះ ក្រោយរយៈពេល១៨ខែជាប់គាំង និងបោះឆ្នោតដល់ទៅ៣លើកមិនមានអ្នកចាញ់អ្នកឈ្នះ។ នៅក្នុងកិច្ចព្រមព្រៀង គណបក្សទាំងពីរនឹងចែកពេលវេលាគ្នាកាន់អំណាច ក្នុងនោះរយៈពេល១៨ខែដំបូង លោកណេតាន់យ៉ាហ៊ូ កាន់តំណែងជានាយករដ្ឋមន្ត្រី ចំណែកលោក Benny Gantz កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ។ ក្រោយមក លោក Benny Gantz នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ចំណែកលោកណេតាន់យ៉ាហ៊ូត្រូវកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ។
នៅរយៈពេល ៦ខែដំបូង រដ្ឋាភិបាលអុីស្រាអែលមានរដ្ឋមន្ត្រី៣២រូប ចែកជាពីរស្មើគ្នា ហើយ៦ខែក្រោយមក នឹងត្រូវបង្កើនរដ្ឋមន្ត្រីបន្ថែម ៤រូបទៀតឡើងដល់៣៦រូប។ ការបង្កើនរដ្ឋមន្ត្រីដល់ទៅ៣៦រូបនេះ ធ្វើឲ្យអុីស្រាអែលមានរដ្ឋមន្ត្រីច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។
តាមគម្រោង នៅវេលាម៉ោង១៨ ថ្ងៃទី១៤ខែឧសភា សភាអុីស្រាអែល នឹងបើកកិច្ចប្រជុំពិសេសលើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភាថ្មីជំនួសលោក Benny Gantz ដែលបានលាលែងចេញពីតំណែង។ ក្រោយមកសភានឹងផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលថ្មី ហើយបណ្តារដ្ឋមន្ត្រីនឹងស្បថចូលកាន់តំណែង៕
ដោយ៖ធី រីណា