ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន២៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលសង្កាត់ឃ្មួញធ្វើការឃាត់ខ្លួនក្រោយពីរកឃើញមានថ្នាំញៀននៅជាប់ខ្លួនចំនួន២៦កញ្ចប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀដោយខុសច្បាប់។ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ឆេង ចិន្ថា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសហគមន៍សែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឱ្យដឹងថា៖ ជនសង្ស័យខាងលើគឺជាមុខសញ្ញាចាស់ហើយទើបតែចេញពីពន្ធនាគារទៀតផង។មុនពេលឃាត់ខ្លួនកម្លាំងប៉ុស្តិ៍របស់លោកបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានឡើង លុះល្បាតមកដល់ចំណុចខាងលើក៏ឃើញជនសង្ស័យធ្វើជាដើររើសអេតចាយ ដោយមានការសង្ស័យសមត្ថកិច្ចក៏ហៅត្រួតពិនិត្យ។លោកនាយនគរបាលប៉ុស្តិ៍បានបន្តឱ្យដឹងទៀតថាពេលឆែកឆេរកម្លាំងរបស់លោកបានរកឃើញថ្នាំញៀនចំនួន២៦កញ្ចប់ដែលរូបគេ(ជនសង្ស័យ)បានដាក់នៅក្នុងកញ្ចប់បារីហើយក៏ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖