ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងដែលមានសុទ្ធតែស្លុតម៉ាស៊ីនជាច្រើនគ្រឿង និងទូបាញ់ត្រីប្រៀបដូចជាកាស៊ីណូដ៏ធំមួយកន្លែង ស្ថិតនៅលើផ្សារសុីធីម៉ល ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កន្លងមកត្រូវបានអាជ្ញាធរខណ្ឌចុះបង្ក្រាបម្ដងរួចមកហើយ តែមិនទាន់បានប៉ុន្មានផងស្រាប់តែពេលនេះឱ្យបើកដំណើរការឡើងវិញយ៉ាងរលូនជាធម្មតា។
មជ្ឈដ្ឋានមហាជន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានបង្ហាញពីការអស់ជំនឿលើអាជ្ញាធរខណ្ឌដែលបង្ក្រាបប្រៀបបាន គោះទឹកបង្អើលត្រី ឬមានចេតនាចិញ្ចឹមបទល្មើស ខណៈបនល្បែងសុីសងជាប្រភពផ្តើមចេញបង្កើតឱ្យមានបទល្មើស ហើយបើធ្វើដូច្នេះតើការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពមានប្រសិទ្ធភាពដែរឬទេ? ចំណុចនេះហើយបានជាពួកគាត់ កើតជាចម្ងល់ថា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា ខ្សោយ ឬមេបនល្បែងខ្លាំង..? ពេលខ្លះអំពើពុករលួយ និងការស្រេកឃ្លានបានមកពីមុខរបរមិនស្របច្បាប់ ក៏មិនទទួលបានកិត្តិយស ប្រជាប្រិយភាពពីប្រជាពលរដ្ឋដែរ។
សូមបញ្ជាក់ថា៖ ក្រោយពីរាជរដ្ឋាភិបាលចេញសារាចរបិទ អនឡាញ ម៉ាសុឺនអេឡិចត្រូនិក ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩មក គឺមេបនល្បែងបានបង្កើតអនឡាញ អិុីនធើណេត តាមរយៈការបើកអិុីនធើណេតធម្មតា តែខាងក្នុងជាប្រភេទល្បែងសុីសងពេញបន្ទុក។
ពាក់ព័ន្ធនឹងករណីទីតាំងល្បែងស៊ីសងខាងលើនេះលោកអ៊ុន ភារម្យ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់វាលវង់បានប្រាប់ឲ្យដឹងថា៖ គាត់បានទទួលដំណឹងថាមានលេង តែមិនទាន់មានពេលឡើងទៅត្រួតពិនិត្យផ្ទាល់ទេ។
ចំណែកលោក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករាបានឲ្យដឹងថាចាំគាត់រាយការណ៍ទៅលោកអភិបាលខណ្ឌសិន ព្រោះបើគាត់ចុះទៅគឺចុះជាលក្ខណៈគណៈបញ្ជាការឯកភាព។ ដោយឡែក លោកលីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាមិនអាចសុំធ្វើការបកស្រាយបានទេពាក់ពន្ធ័នឹងករណីបើកទីតាំងល្បែងស៊ីសងដ៏ធំខាងលើនេះដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
មជ្ឈដ្ឋានជាច្រើននៅក្នុងខណ្ឌ៧មករាបាននាំគ្នាលើកឡើងថាអាជ្ញាធរខណ្ឌចុះបង្ក្រាបរាល់ហ្គេមបាញ់ត្រីនិងឧបករណ៍ល្បែងស៊ីសងតាមអុីនធើណេតមិនដែលឃើញមានរៀបចំវាយកម្ទេចឬដុតបំផ្លាញចោលម្ដងណានោះទេ។ បញ្ហាទាំងនេះហើយ ជាមូលហេតុអាចដំណើរការបានដដែល គឺបង្ក្រាបហើយ បើកវិញ គឺជារឿងសាមញ្ញដែលសមត្ថកិច្ច អាជ្ញាធរខណ្ឌ ៧មករា ទុកជាវប្បធម៌រកចំណូល ៕ ដោយ៖ស សម