ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយកុងត្រា សាល បាទី នឹងបញ្ចេញបទថ្មីបន្ថែម

ចែករំលែក៖

ភ្នំពេញ៖ សាល បាទី ជាតារាចម្រៀងដែលធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ចាប់ផ្តើមលេចមុខមួយជំហានបន្ថែមទៀតលើវិថីសិល្បៈក្រោយពី លោកបានចុះកិច្ចសន្យាជាមួយផលិតកម្ម Tasrong Studio។ ក្លាយជាអ្នកចម្រៀងពេញសិទ្ធិតារារូបនេះទើបនឹងបង្ហើរសំនៀងនូវបទចម្រៀងថ្មី ហើយក៏គ្រោងនឹងបន្ថែមនូវបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅថ្មីមួយបទបន្ថែមទៀតផងដែរ។

សាល បាទី ត្រូវបានទស្សនិកជនមួយចំនួនបានស្គាល់ក្រោយពីលោកធ្លាប់លេចមុខក្នុងការច្រៀងលើកម្មវិធីកម្សាន្តរបស់កញ្ចក់ទូរទស្សន៍ នានា ។ វិវឌ្ឍន៍ខ្លួនក្លាយជាតារាចម្រៀងអាជីព លោកបានឱកាសចុះកុងត្រាជាមួយផលិតកម្មរបស់អ្នកនិពន្ធល្បីឈ្មោះលោក យឹម តាស្រង់គឺផលិតកម្ម Tasrong Studio រយៈពេល៣ឆ្នាំ។​តារារូបនេះលើកឡើងថា ថ្មីនេះបទចម្រៀងមនោសញ្ចេតនា” ជួយនាំបងទៅជាមនុស្សដូចពីមុនផង” ទើបនឹងបញ្ចេញហើយក៏ទទួលបានការពេញចិត្តគួរសមពីអ្នកគាំទ្រ។ លោកថាទោះមិនផ្ទុះការគាំទ្រខ្លាំង ប៉ុន្តែលោកពិតជាពេញចិត្តដែលមានបទចម្រៀងល្អថ្មីផ្ទាល់ខ្លួន ហើយក្នុងពេលដ៏ខ្លីខាងមុខនេះលោកក៏នឹងបញ្ចេញបទចម្រៀងមនោសញ្ចេតនាមួយបទទៀតគឺបទ”អូនទុកបងជាអាហារពេលព្រឹក” ដែលបានបញ្ចប់ការផលិតជាMV រួចហើយ ហើយគ្រោងនឹងបញ្ចេញក្នុងពេលដ៏ខ្លីខាងមុខ។

លោកថាស្នាដៃថ្មីនេះគឺកើតចេញពីការខំប្រឹងប្រែងរបស់ផលិតករ អ្នកនិពន្ធ និងលោកផ្ទាល់​ ដែលរំពឹងថានឹងក្លាយជារសជាតិថ្មីមួយបន្ថែមទៀតសម្រាប់ការកម្សាន្តរបស់ទស្សនិកជន ហើយលោកនឹងក្តាប់ឱកាសនេះឲ្យជាប់ដើម្បីឈានទៅរកក្តីស្រមៃដែលខ្លួនឯងចង់បាន៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖