ខេត្តបន្ទាយមានជ័យៈមន្ត្រី៥នាក់មកពីស្រុកភ្នំស្រុកបានមកបំភ្លឺនៅសាលាខេត្តបន្ទាយមានជ័យ ជុំវិញរឿងអាស្រូវលោកអភិបាលស្រុកលក់ដីរដ្ឋនៅអាងត្រពាំងថ្មឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏នឹងត្រូវការស៊ើបអង្កេតលើមន្ត្រីនិងពលរដ្ឋពាក់ព័ន្ធជាច្រើននាក់ទៀត ដោយត្រូវកោះហៅមកបំភ្លឺបន្តបន្ទាប់ផងដែរ។
មន្ត្រីសាលាខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ ថា៖ មន្ត្រីទាំងនោះរួមមាន: ១: លោកសុខ រឹទ្ធី អភិបាលរងស្រុកភ្នំស្រុក ២-លោក សៅ សាឡែម នាយករដ្ឋបាលសាលាស្រុក ៣-លោកភួន ឡាំហ៊ិញ ប្រធានការិយាល័យអន្តរវិស័យស្រុក ៤-លោកតាំង ផាន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម ភូមិបាលស្រុក និងលោកឃុត ឃួន មេឃុំប៉ោយចារ ។
មន្ត្រីទាំងនោះកាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២០ ត្រូវបានផ្តល់ចម្លើយបំភ្លឺរបស់ខ្លួនម្នាក់ៗជាមួយមន្ត្រីសាលាខេត្តដែលដឹកនាំដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ។
នៅក្នុងកិច្ចប្រជុំនោះមន្ត្រីសាលាខេត្តមិនព្រមប្រាប់ថា ចម្លើយរបស់មន្ត្រីទាំង៥នាក់បានឆ្លើយបំភ្លឺដូចម្តេចខ្លះនោះឡើយ ។
ប៉ុន្តែមានការបង្ហើបថា មុនទៅដល់សាលាខេត្ត មន្ត្រីទាំង នោះបានជួបពិភាក្សាគ្នារកគន្លឹះឆ្លើយបំភ្លឺឬឆ្លើយដោះស្រាយឲ្យស៊ីសង្វាក់គ្នា រួចទៅហើយដើម្បីឲ្យជឿជាក់គ្នា មិនមានករណីក្បត់គ្នា មន្ត្រីទាំងនោះក៏បានជិះរថយន្តតែមួយរួមគ្នាទាំងទៅទាំងមក ។
ការចូលបំភ្លឺលើរឿងអាស្រូវនេះ ធ្វើឡើងបន្ទាប់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យផ្នែករដ្ឋបាលចេញលិខិតកោះអញ្ជើញមន្ត្រីជាអភិបាលរងស្រុក នាយករដ្ឋបាល ប្រធានការិយាល័យអន្តរវិស័យ ប្រធានភូមិបាល មេឃុំ មន្ត្រីឃុំ មេភូមិ និងឈ្មួញដើម្បីចូលខ្លួនបំភ្លឺករណីទីតាំងដីទុកសម្រាប់ធ្វើប៉ុស្តិ៍ការពារសន្តិសុខសណ្តាប់ធ្នាប់របស់កងកម្លាំងទាំង៣(មាននគរបាលកងរាជអាវុធហត្ថនិងផ្នែកសឹករងស្រុក) និងដីរបស់ពលរដ្ឋនៅសងខាងផ្លូវឡើងអាងទំនប់អាងត្រពាំងថ្មស្ថិតនៅឃុំប៉ោយចារស្រុកភ្នំស្រុក ។
ការបំភ្លឺនឹងធ្វើនៅសាលាខេត្តដាច់ដោយឡែកពីគ្នាចាប់ពីថ្ង្ងៃ ទី១១ខែឧសភាឆ្នាំ២០២០ និងបន្តបន្ទាប់មក។
បន្ទាប់ពីលោកអភិបាលខេត្តបានដឹកនាំប្រជុំដោះស្រាយបាតុភាពនៃការផ្ទុះរឿងអាស្រូវដែលចោទប្រកាន់ថា លោកយឹម សំណាង អភិបាលស្រុកភ្នំស្រុកបានឃុបឃឹតលក់ដីរដ្ឋនៅអាងត្រពាំងថ្ម ។ពោលគឺសមាសភាពដីនៅទីតាំងដូចខាងលើនោះ បានលក់កាលពីអំឡុងខែមីនានិងខែមេសាឆ្នាំ២០២០ មក ។
សូមរំលឹកថា៖ កន្លងមក រដ្ឋបាលខេត្តបានបញ្ជូនមន្ត្រី២ក្រុមផ្សេងគ្នាចុះស្រាវវជ្រាវពាក្យបណ្តឹង
របស់កងកម្លាំងទាំង៣ នគរបាលស្រុក កងរាជអាវុធហត្ថស្រុកនិងផ្នែកសឹករងស្រុកភ្នំស្រុក ដែលអធិការ ,មេបញ្ជាការនៃអង្គភាពនីមួយៗបានប្តឹងមកថ្នាក់ខេត្តពីករណីដែលចោទថា លោកយឹម សំណាង អភិបាលស្រុកភ្នំស្រុកនិងអភិបាលរង មន្ត្រីចំណុះស្រុក មេឃុំ មេភូមិនិងពលរដ្ឋបានឃុបឃឹតគ្នាជាប្រព័ន្ធ លក់ដីរដ្ឋរបស់អង្គភាពខាងលើ ។
បន្ថែមលើនោះ ក៏បែកធ្លាយដល់ការលក់ធ្វើឲ្យបាត់ដីរដ្ឋនៃសារពើភ័ណ្ឌរបស់អាជ្ញាធរ ដែនដីនិងរបស់មន្ទីរធនធានទឹក ឧតុនិយមឲ្យទៅជាកម្មសិទ្ធិបុគ្គលឯកជនជាច្រើនអ្នកទៀត។
ប៉ុន្តែដោយសារថា របាយការណ៍មន្ត្រីខេត្តទាំង២ក្រុមមិនដូចគ្នា គឺរបាយការណ៍ខាងក្រុមលោក ណង វុទ្ធី នាយករងរដ្ឋបាលខេត្តថា ដីរដ្ឋវាពិតជាត្រូវគេហ៊ាន ធ្វើឯកសារដើម្បីយកទៅលក់ឲ្យឯកជនប្រាកដមែន ។
ផ្ទុយទៅវិញ របាយការណ៍របស់ក្រុមលោកនូ យ៉ត ប្រធានការិយាល័យគ្រប់គ្រងសារពើភ័ណ្ឌរដ្ឋសាលាខេត្តថា ដីរដ្ឋទាំងនោះបានក្លាយជាដីឯកជនទៅហើយ (អង្ករក្លាយជាបាយ) ។
ហេតុនេះហើយ ទើបលោកអភិបាលខេត្តបានចាត់ឲ្យមន្ត្រីជំនាញបំបែកការស៊ើបអង្កេតម្តងទៀតមុននឹងរដ្ឋបាលសម្រេច ។
ជាមួយគ្នានេះ មុនរដ្ឋបាលខេត្តបញ្ជាឲ្យទប់ស្កាត់ចាក់ដី,ហាមបញ្ជាក់ទិញលក់ ផ្ទេរនិងសាងសង់សំណង់គ្រប់ប្រភេទនៅលើដីរដ្ឋត្រង់ចំណុចសងខាងផ្លូវឡើងទៅអាងត្រពាំងថ្មនោះដែរ ។ ក្រោយពីករណីនេះបែកធ្លាយរឿងអាស្រូវលោកអភិបាលស្រុកភ្នំស្រុកនិងមន្ត្រីបានឃុបឃឹតឲ្យគេចាក់ដីលុបបំបាត់ភស្តុតាងលើដីដែលកងកម្លាំងទាំង៣ កំពុងប្តឹងផ្តល់និងចាក់លើដីរដ្ឋលក់ឲ្យឯកជនផ្សេងទៀត ។
យោងលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ២៦៦/ ២០សជណ ចុះថ្ងៃទី២០ខែមេសាឆ្នាំ២០២០ ចុះហត្ថលេខាដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលទទួលបានច្បាប់ចម្លងមួយបាន ឲ្យដឹងថា ៖ បច្ចុប្បន្នរដ្ឋបាលខេត្តបន្ទាយមានជ័យបានពិនិត្យឃើញថា មានការចាក់បំពេញអាចម៍ដីនិងសាងសង់សំណង់លើទីតាំងដីរដ្ឋនៅសងខាងផ្លូវឡើងទៅអាងត្រពាំងថ្មស្ថិតនៅភូមិត្រពាំងថ្មខាងជើង,ភូមិត្រពាំងថ្មខាងត្បូងក្នុងឃុំខាងលើ ។ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តស្នើលោកអភិបាលស្រុកភ្នំស្រុកចាត់វិធានការទប់ស្កាត់ការចាក់បំពេញអាចម៍ដីការសាងសង់សំណង់គ្រប់ប្រភេទដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនិងហាមបញ្ជាក់ទទួលស្គាល់រាល់ការទិញ លក់ដូរ ផ្ទេរសិទ្ធិគ្រប់ប្រភេទលើទីតាំងដីរដ្ឋនៅសងខាងផ្លូវឡើងទៅអាងត្រពាំងថ្ម ។
លោកអភិបាលស្រុកភ្នំស្រុកនិងរដ្ឋបាលស្រុកនេះ មិនត្រឹមតែមិនok ទទួលស្គាល់កំហុសរបស់ខ្លួនដែលប្រើល្បិចកលជាក្រុមគៃបន្លំលក់ដីរដ្ឋរបស់អាជ្ញាធរដែនដីនិងដីរដ្ឋនៃក្រសួងធនធានទឹកទៅឲ្យឯកជនប៉ុណ្ណោះទេ ។ប៉ុន្តែនៅថែមទាំងធ្វើជាខ្នងបង្អែកឲ្យអ្នកឃុបឃឹតក្នុងការរត់ការធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិលើអចលនវត្ថុ(ប្លង់រឹង)និងឲ្យមានចលនាចាក់ដីបំពេញលើបឹងត្រាវ បឹងកំប្លោក បឹងឈូកជាដីរដ្ឋនៅទីតាំងខាងលើថែមទៀត ។
ទាក់ទិននឹងករណីនេះដែរ កំណត់ហេតុស្តីពីការប្រជុំពិភាក្សាកំណត់ដីសាធារណៈរបស់រដ្ឋនៅឃុំប៉ោយចារ សូមរួមពី លោកឃុត ឃួន មេឃុំ ចុះថ្ងៃទី២៣ ខែមេសាឆ្នាំ២០២០ កន្លងមកបានសម្រចលទ្ធផលសំខាន់ៗ២ចំណុច ៖ ទី១-មិនឯកភាពលើការឆ្វៀល ដីរដ្ឋជូនឯកជនឡើយ ។សូមរក្សាដីនោះទុកជាជាដីរដ្ឋ ។
ទី២-សូមកុំឲ្យលោកមេឃុំចុះហត្ថលេខាលើពាក្យស្នើសុំបញ្ជាក់កាន់កាប់ដីធ្លីលើដីរដ្ឋ ។
ពោលគឺប្រធានបទនៃកិច្ចពិភាក្សានោះដើម្បីផ្ទៀងផ្ទាត់លើលទ្ធផលការវាស់វែងកំណត់ដីសាធារណ:របស់រដ្ឋនៅឃុំប៉ោយចារ ដែលគណៈកម្មការចម្រុះដឹកនាំដោយលោក សុខ រឹទ្ធី អភិបាលរងស្រុកនិងលោកនូ យ៉ត ប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃទីចាត់ការហិរញ្ញវត្ថុសាលាខេត្តបន្ទាយមានជ័យនិងមានមេឃុំ មេភូមិចូលរួមវាស់វែងកំណត់ដីសាធារណៈរបស់ឃុំប៉ោយចារដើម្បីចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ។
ប្រភពដដែលបានឲ្យដឹងទៀតថា
ដីនេះមានទំហំទទឹង៣៦ម៉ែត្រ បណ្តាយជិត១០០ម៉ែតត្រ ឬប្រមាណ៥.៥៧៣ម៉ែត្រក្រឡា។ លក់ក្នុងតម្លៃ១ម៉ែត្រ បើគុណជម្រៅ១០០ម៉ែត្រ តម្លៃ៣.៥០០ទៅ៤.០០០ដុល្លារ ។ ទី២ -ដីជាប់-ខាងកើតនៃស្ពានទី១ទំនប់អាងត្រពាំងថ្ម ដែលដោះដូរឲ្យឯកជនធ្វើហាងអាហារយីហោ យៀត និមល ទំហំជាង៣០ម៉ែត្រគុណ៥០ម៉ែត្រ និងទី៣ ក៏មានការផ្ទេរកម្មសិទ្ធិដីធ្លី ពីក្នុងនោះ២កន្លែងទៀត ក៏ត្រូវបានផ្ទេរកម្មសិទ្ធិផងដែរ គឺដីរបស់ឈ្មោះ សាវ៉ង់ យាយថឺង ១កន្លែងដែលកំពុងចាក់ដី និងដីរបស់ឈ្មោះ រតន៍ ដែលកំពុងសាងសង់ហាងកាហ្វេកុងតឺន័រ ។ ដី១កន្លែងៗ មានទំហំទទឹងជាង៣០ម៉ែត្រ បណ្តោយជាង១០០ម៉ែត្រ ។
ពាក់ព័ត៌មានករណីនេះ អង្គភាព «នគរដ្រេហ្គន » មិនអាចទាក់ទងបានទេ ពីលោក យឹម សំណាង អភិបាល នៃគណៈអភិបាលស្រុក ភ្នំស្រុក នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល។ ដោយឡែកមន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា៖ រឿងអាជ្ញាធរ ជំនាញបានឃុបឃិតគ្នាលក់ដីរដ្ឋនៅអាងត្រពាំងថ្ម គឺថ្នាក់ដឹកនាំក្រសួងបានដឹងហើយ ក្នុងនោះថែមទាំងធ្វើរបាយការណ៍ដាក់ប្រមុខរាជរដ្ឋាភិបាល ដូច្នេះបុគ្គលណាប្រព្រឹត្ត អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់៕ដោយ៖វណ្ណា